(ខេត្តកំពត)៖ អភិបាលស្រុកទឹកឈូ បានលើកទឹកចិត្តដល់នាយក នាយិកា សាលាបឋមសិក្សាទាំង៤៥ក្នុងស្រុក លោកគ្រូ អ្នកគ្រូ និងគ្រូជាប់កិច្ចសន្យា ឱ្យរួមគ្នាកសាងមូលដ្ឋានគ្រឹះ នៃការអប់រំរបស់កុមារ ឱ្យកាន់តែមានភាពល្អប្រសើរ តាមរយ:ការធ្វើជាគំរូល្អ មានសីលធម៌ សុជីវធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង រៀបចំអនាម័យបរិស្ថានសាលារៀនឲ្យបានស្អាត និងពង្រឹងគុណភាពការបង្រៀន ដើម្បីលើកកម្ពស់គុណភាព សិក្សាររបស់សិស្សានុសិស្ស។
អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានមានប្រសាសន៍ នៅក្នុងពិធីជួបសំណេះសំណាល គ្រូកិច្ចសន្យាចំណេះដឹងទូទៅ ឆ្នាំ២០២៥ និងនាយក នាយិកាសាលាបឋម សិក្សាទាំង៤៥កន្លែង នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ និងផ្ទេរមុខងារវិស័យ អប់រំកម្រិតបឋមសិក្សា មកឲ្យរដ្ឋបាលក្រុងស្រុក ដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវ លើគុណវឌ្ឍិមន្ត្រី បុគ្គលិកគ្រូបង្រៀន និងគុណភាពសិក្សារ បស់សិស្សានុសិស្សកម្រិតបឋមសិក្សា។
ដូច្នេះដើម្បីកសាងមូលដ្ឋានគ្រិះ នៃការអប់រំកុមារឲ្យកាន់តែល្អប្រសើរ ទាមទាមានការចូលរួម ពីអ្នកពាក់ព័ន្ធ មានអាណាព្យាបាលសិស្ស ពិសេសលោកគ្រូ អ្នកគ្រូ ដែលត្រូវធ្វើជាគំរូល្អ ផ្តល់នូវចំណេះដឹង សីលធម៌ សុជិវធម៌ គុណធម៌នៃការរស់នៅទាំងក្នុងសាលា និងក្នុងសង្គម តាមរយៈការរៀបចំសាលារៀនឲ្យស្អាត មានអនាម័យបរិស្ថានល្អ មានរបៀបរបប និងវិន័យក្នុងការបង្រៀន និងការរៀន ។
លោកអភិបាលស្រុក បានរំលេចផងដែរថា ការប្រឡងជ្រើសរើសគ្រូបង្រៀន កិច្ចសន្យាទាំង៤៧រូបធ្វើ ឡើងដោយសុក្រិត យុត្តិធម៌ ពឹងលើសមត្ថភាពទាំងស្រុង (អ្នកចេះ គឺជាប់ ) គ្មានការយោគយល់ទេ ទាំងពេលប្រឡងលើក្រដាសវិញ្ញាសា និងការធ្វើតេស្តសម្ភាសផ្ទាល់មាត់ ព្រោះរដ្ឋបាលស្រុកមិនអាច ជ្រើសរើសយកគ្រូបដែលមិ នគ្រប់លក្ខខណ្ឌ មកបង្រៀនដល់ក្មេងៗ ដែលជាទំពាំងស្នងឫស្សីទេ ហើយក៏មិនឲ្យអនាគតក្មេងៗ ត្រូវបាត់បង់ពន្លឺ ព្រោះតែការធ្វេសប្រហែស ឬទង្វើមិនប្រកក្រតីណា មួយរបស់មន្ត្រីអប់រំ ឬមន្ត្រីសាលាស្រុកនោះដែរ៕ ដោយលោក សេង ណារិទ្ធ