(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្ដកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី លទ្ធផលស្រាវជ្រាវពីសក្តានុពល និងការប្រើប្រាស់ ធនធានធម្មជាតិតំបន់ឆ្នេរ សមុទ្រ និងប្រជុំកោះក្នុងភូមិសាស្រ្ដខេត្តកែប។
សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ម៉ុន សាមុត អនុប្រធាននាយកដ្ឋាន អភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃក្រសួងបរិស្ថាន និងលោក កឹម ស៊ីណារ័ត្ន ប្រធានមន្ទីរស្ដីទីបរិស្ថានខេត្តកែប និងមានអញ្ជើញចូលរួមពី កងម្លាំងទាំងបីប្រភេទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុង/ស្រុក លោក/លោកស្រីទីចាត់ការអន្ដរវិស័យ មេឃុំ/ចៅសង្កាត់ ព្រមទាំងសមាជិកសមាជិការសរុប ៣៧រូប។
តាមរបាយការណ៍លោក កឹម ស៊ីណារ័ត្ន ប្រធានមន្ទីរស្ដីទី បានអោយដឹងថា កាលពីអំឡុងឆ្នាំ២០២៣ ក្រសួងបរិស្ថានបានប្រកាសដាក់អោយប្រើប្រាស់នូវយុទ្ធសាស្រ្ដ “ចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” ដែលបានផ្ដោតលើមុំបីសំខាន់គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឆ្លើយតមតាមតម្រូវការស្ថានភាពជាក់ស្ដែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់កិច្ចការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ អោយទទួលបានប្រសិទ្ធភាព មានចីរភាព និងជម្រុញដំណើរកម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតការបូន និងពង្រីងវិសាលភាពព្រៃនៅកម្ពុជា។
លោកប្រធានមន្ទីរស្ដីទីបន្ដថា រយៈពេល៣ឆ្នាំចុងក្រោយនេះ មន្ទីរបរិស្ថាន បានទទួលការសហការគាំទ្រពីក្រសួងបរិស្ថានជាមួយ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងកែប ព្រមទាំងដៃគូរសហការពាក់ព័ន្ធក្នុងខេត្ត បានរៀបចំដាំស្ដារកូនកោងកាងតាមបណ្ដារសហគមន៍នានាក្នុងខេត្ដ ដែលមានកោងកាងសរុបចំនួន ៣១,០០០ដើម ដែលបញ្ជាក់អោយឃើញថា មន្ទីរបរិស្ថាន ពិតជាបានអនុវត្ត ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ដចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន។
មានប្រសាសន៍ក្នុងសិក្ខាសាលានោះដែរ លោក ម៉ុន សាមុត អនុប្រធាននាយកដ្ឋាន អភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរបរិស្ថាន ដែលបានសហការ និងរៀបចំសិក្ខាសាលានេះ ទទួលបានភាពរលូន និងល្អប្រសើរ។ លោកបានបន្ដថា ខេត្តកែប មានឧទ្យានជាតិ១ ដែលមានភាពស្រស់ត្រកាល នៅចំកណ្ដាលទីក្រុង រួមទាំងមានដែនសមុទ្រ និងបណ្ដាកោះនានា សុទ្ធសឹងជាសក្ដានុពលរបស់ខេត្តកែប ក្នុងនោះមានកោះចំនួន ១៣កោះ និងជាតំបន់ទេសចរណ៍ សមុទ្រកម្ពុជា ដែលជាសមាជិកខ្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក ជាទីក្រុងល្បីល្បាញផ្នែកគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ដ។
ជាចុងក្រោយលោកអនុប្រធាននាយកដ្ឋាន បានក្រើនរំលឹកដល់សិក្ខាកាមទំាងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់ និងអនុវត្ត តាមជំនាញ ដែលអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះ និងជំនាញដែលទទួលបាន ទៅបន្ដការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍អោយបានទូលំទូលាយ៕ ដោយលោក សេង ណារិទ្ធ