(ភ្នំពេញ)៖ ក្មេងស្រីដែលចាញ់បោកមេខ្យល់ នាំយកទៅប្រទេសចិន បានវិលត្រឡប់មក ដល់ភ្នំពេញហើយ ក្រោមស្នើសុំអន្តរាគមន៍ ឲ្យជួយកាលពីពេលកន្លងមក ។
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបក្មេងស្រីដែល ត្រូវបានមេខ្យល់បោក យកប្រទេសចិន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ។
យោងតាមបណ្តាញសង្គម របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា៖ ថ្ងៃនេះត្រេកអរ និងសូមអរគុណ ដល់ស្ថាប័នពាក់ព័ន្ធដែលបាន ជួយសម្របសម្រួលប្អូនស្រី! ។
ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដី សប្បាយរីករាយជាទីបំផុត ដែលទី១. នៅពេលទទួល ដំណឹងថា សមត្ថកិច្ចចិនបាន ជួយអន្តរាគមន៍ប្អូនទៅ កាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែម ទៀតនៅពេលដែលលឺព័ត៌មានថា ប្អូនបានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន ។
ឯកឧត្តមបានបន្តថា ទីបំផុត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតាមរយៈក្រុមការងារ បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកា ចំនួន២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំ ប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត ។
ឯកឧត្តមបានបន្ថែមថា ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជា មួយសមត្ថកិច្ចចិន ហើយក៏សូមអរគុណ ដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏សូមអរគុណ ដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងកា រដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃមុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ ។
សូមជូនពរប្អូនស្រី មានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរ វិលត្រឡប់ទៅកាន់ភូមិឋានវិញ និងសម្រេចបានជោគជ័យ ក្នុងកិច្ចការងារផ្សេងៗកុំបីខាន ៕