ពលរដ្ឋ និងយុវជន ១៥០នាក់ធ្វើទស្សនកិច្ច នៅខេត្តស្ទឹងត្រែង ខ្សែព្រំដែនកម្ពុជា ឡាវ ដើម្បីស្វែងយល់ពីការពិតជាក់ ស្តែង នៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា !


ខេត្តស្ទឹងត្រែង៖ ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានយកចិត្តទុកដាក់ពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ខណៈ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល បានដឹកនាំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង និងបន្តទស្សនកិច្ចសិក្សា ស្វែងយល់ពីការពិតជាក់ស្តែង បង្គោលព្រំ ដែលបានព្រមព្រៀងគ្នារវាងប្រទេសកម្ពុជា និងឡាវ ។

តាមការថ្លែងលើកឡើងពីសំណាក់ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថានៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ទិសប៉ែកឦសាន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋជិត២០០នាក់ បានយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងចំពោះបង្គោលព្រំដែនលេខ០៣៤  ទីតាំងផលិតបង្គោលព្រំដែនទី២ ក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះយោធាតាមខ្សែបន្ទាត់ព្រំដែន និងបានធ្វើដំណើរមក បង្គោលព្រំដែនបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមានចម្ងាយ ១៧,៤៥ ម៉ែត្រពីអ័ក្ខផ្លូវជាតិលេខ៧  ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា
ប្រជាពលរដ្ឋក្នុងដំណើរទស្សនកិច្ច បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាង  កម្ពុជា-ឡាវ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះបង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។
សាក្សីរស់គឺជាមន្រ្តីចូលនិវត្តន៍ របស់ក្រសួងព័ត៌មានរស់នៅរាជធានីភ្នំពេញ ក៏មានវត្តមាននៃដំណើរទស្សនកិច្ច នៅថ្ងៃដដែលនោះ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា កោតសរសើរដល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតីជានាយករដ្ឋមន្រ្តី  ដែលបានដឹកនាំប្រទេសមានការរីកចំរើនគួរឱ្យគត់សំគាល់។
ដោយឡែកចំពោះដំណើរទស្សនកិច្ចនេះ ទទួលបានការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ By: SamNeang

You might like

Leave a Reply

Your email address will not be published. Required fields are marked *