ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ

(ប៉ៃលិន)៖ ថ្លែងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹង កិច្ចសហការជាមួយអាជ្ញាធរខេត្តថៃ ជាប់ព្រំដែនប្រទេសកម្ពុជា ឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឆាំងជ្រុលនិយម ខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការ ព្រំដែនដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ បាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈម មុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។

គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយ បំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់ អំពីគោលជំហរនៃការខិតខំ ចរចាដោះស្រាយបញ្ហាព្រំដែនគោក និងទឹកដោយសន្តិវិធីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីធានារក្សាបាននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍ដល់ជាតិ និងប្រជាជនទាំងសងខាង។

ក្រៅពីការណែនាំឱ្យរដ្ឋបាលខេត្ត ជាប់ព្រំដែនថៃខិតខំថែរក្សា បរិយាកាសមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍អំពី បច្ចុប្បន្នភាពនៃការងារវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបាន និងកំពុងប្រព្រឹត្តទៅប្រកបដោយជោគជ័យ សន្ទុះនៃការរីកចម្រើននៃខេត្តប៉ៃលិន ដែលតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធបំពេញតួនាទីនិងភារកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែង ការបន្តថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពង្រឹងការអនុវត្តច្បាប់ នៅតាមបណ្ដាច្រកទ្វារព្រំដែនជាដើម។

សូមបញ្ជាក់ថា ក្រៅពីអញ្ជើញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងម្លាំងចំណុះរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលពិនិត្យកន្លែង បំពេញការងាររបស់មន្រ្តីពាក់ព័ន្ធ  និងបានអញ្ជើញពិនិត្យ ទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពី ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា-ថៃ និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានអញ្ជើញពិសារអាហារសាមគ្គី នៅក្នុងខេត្តច័ន្ទបុរីក្នុងបរិយាកាស ប្រកបដោយមិត្តភាពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *