ខេត្តក្រចេះ៖ស្ត្រីវ័យចំណាស់ម្នាក់និងចៅស្រីអាយុ ៣ឆ្នាំ បានស្លាប់បាត់បង់ជីវិតបន្ទាប់ក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកស្នួល ក្រោយកូនតិរច្ឆានម្នាក់ប្រើប្រាស់ដុំឥដ្ឋ វាយនិងអូសទម្លាក់ពីលើផ្ទះ រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នៅ ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ទាក់ទិនករណីខាងលើនេះប្រភពព័ត៌មានឲ្យដឹងថាជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងត្រូវជាកូនបង្កើតស្ត្រីរងគ្រោះក៏ជាឪពុកបង្កើតក្មេងស្រីរងគ្រោះនោះផងដែរ។
លោក ហន ប៉ូច ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើក្រោយពីទទួលបាន ព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្សឹមបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ ស្រាវ ជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតដល់វេលាម៉ោង០៣.០០នាទី ទាបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៊ិញ ភីរុន នៅចំណុចព្រៃចំការស្វាយ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងចាប់យកសំភារៈវត្ថុតាង បំណែកដុំឥដ្ឋមួយចំនួន។
ក្រោយការឃាត់ខ្លួនសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបានធ្វើសកម្មភាព យកដុំឥដ្ឋវាយទៅលើម្តាយបង្កើតឈ្មោះ យ៉េន មឿន ត្រូវចំក្បាលផ្នែកខាងក្រោយ រួចអូសជនរងគ្រោះជាម្តាយទម្លាក់ពីលើផ្ទះចុះមកដី ហើយបន្តយកដុំឥដ្ឋវាយទៅលើជនរងគ្រោះបន្ថែមទៀតរហូតសន្លប់បាត់ ស្មារតី បន្ទាប់មករូបខ្លួន បានឡើងទៅលើផ្ទះ យកដុំឥដ្ឋ ធ្វើ
សកម្មភាពវាយទៅលើ ជនរងគ្រោះជាកូនស្រីបង្កើតដែលកំពុង តែដេកលក់ ត្រូវចំក្បាល រួចបានចាប់ បោះកូនស្រីពីលើផ្ទះមកដី ហើយរូបខ្លួន ក៏បានចុះមកបន្តវាយទៅលើកូននិងម្តាយបង្កើ តបន្ថែមទៀតរហូតសន្លប់បាត់ស្មារតីទាំង០២នាក់ ប្រាកដមែន។ មូលហេតុដោយរូបខ្លួនខឹងនឹងម្តាយតែងតែ ស្តីបន្ទោស និង ជេររូបខ្លួនថា អាក្របី ទើបរូបខ្លួនខឹងមួរម៉ៅ ក៏វាយសម្លាប់ ម្តាយបង្កើត និង កូនខ្លួនបង្កើត របស់ខ្លួន។
ករណីឃាតកម្មនេះបានបង្កដោយ ជនសង្ស័យឈ្មោះ ប៊ិញ ភីរុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើតស្ត្រីរងគ្រោះឈ្មោះ យ៉េន មឿន អាយុ ៦៦ឆ្នាំ និងក៏ជាឪពុក
បង្កើតក្មេងស្រីរងគ្រោះឈ្មោះ ណងរ៉ាក់ ដែលទើបមាមអាយុ០៣ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យ ជំនាញខេត្តចាត់ការតាមនីតិវិធី៕