ដើម្បីជម្រះមន្ទិល៖ សៀវភៅស្នាក់នៅ៖ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗ? តស់ស្វែងយល់!

(ភ្នំពេញ)៖ សៀវភៅស្នាក់នៅ គឺជាសៀវភៅប្រើប្រាស់ សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុ ងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបាន ប្រើប្រាស់ធ្វើជាឯកសារ សម្រាប់អះអាងឬបញ្ជាក់ពីភាព ជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅ ក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារនោះមាន លំនៅឋានលើសពីមួយក៏ដោយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ឆ្លើយតបទៅនឹងសំណួរ ដែលចោទសួរថា តើក្នុងសៀវភៅស្នាក់នៅ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗបានដែរឬទេ ដើម្បីឱ្យអស់ចម្ងល់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា យោងតាមសេចក្ដីណែនាំលេខ ០០១ស.ណ.ន របស់អគ្គនាយកដ្ឋានអត្ត សញ្ញាណកម្មក្រសួងមហាផ្ទៃ ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ ការលុបសមាជិកក្នុងសៀវភៅស្នាក់នៅ ឬកែទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ គឺអាចធ្វើទៅបាន ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម។

១. ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានបញ្ជាក់ អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួនដូចជា បើកូនទើបនឹងកើត ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត / ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ / ករណីផ្លាស់ចូល ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន / ករណីចេញពីពន្ធនាគារ ត្រូវមានសាលក្រមដោះលែងពីតុលាការ និងដីកាដោះលែងពីពន្ធនាគារ / ករណីសមាជិកគ្រួសារខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់ អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។

ក្នុងនោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវសរសេរចូលក្នុងបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ ព្រមទាំងបោះត្រា “បានចុះស្ថិតិ” លើបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ“ទំនាក់ទំនងជាមួយ មេគ្រួសារ” ហើយដាក់ជូននាយប៉ុស្តិ៍ នគរបាលរដ្ឋបាលពិនិត្យ និងចុះហត្ថលេខាត្រង់ទម្រង់ នៃទំព័រសៀវភៅ “ ទទួលស្គាល់របស់ សមត្ថកិច្ចមូលដ្ឋាន” ខាងចុងនៃបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ។

២. ការលុបឈ្មោះចេញពីសៀវភៅស្នាក់នៅ មេគ្រួសារឬអ្នកតំណាង ត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួន ៖ បើស្លាប់ ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព /ផ្លាស់ចេញ ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន -ជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស /ផ្តាច់សមគ្គសង្វាស់ ត្រូវមានសាលក្រមលែងលះ /កូនដែលត្រូវឪពុក ម្តាយកាត់កាល់ ត្រូវមានសាលក្រមកាត់កាល់ /ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។

ជាមួយគ្នានោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបោះត្រា “បានលុបឈ្មោះ” សមាជិកក្នុងបញ្ជីស្នាក់នៅនឹងសៀវភៅ ត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ “ទំនាក់ទំនងជាមួយមេគ្រួសារ” ហើយដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យ ចុះហត្ថលេខា និងបោះត្រាឈ្មោះនៅត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ ទទួលស្គាល់របស់ សមត្ថកិច្ចមូលដ្ឋាន”។

៣. ការកែតម្រូវទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំធ្វើការកែតម្រូវទិន្នន័យផ្សេងៗដូចជា ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ឬនាមខ្លួន ខុសថ្ងៃខែឆ្នាំកំណើត ឬទិន្នន័យផ្សេងៗទៀតមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានភ្ជាប់ជាមួយនូវឯកសារមកបញ្ជាក់ស្របតាមមូលហេតុនៃការស្នើសុំរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬសញ្ញាបត្រមកបញ្ជាក់។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពិនិត្យ និងកែតម្រូវទិន្នន័យដោយសរសេរទឹកប៊ិកពណ៌ក្រហមនៅត្រង់ទំព័រ (ពាក្យថាផ្សេងៗ) នៅក្នុងបញ្ជីស្នាក់នៅ ព្រមទាំងចុះហត្ថលេខា និងបោះត្រាឈ្មោះ និងត្រូវផ្តល់សៀវភៅស្នាក់នៅថ្មីព្រមទាំងមោឃភាពសៀវភៅស្នាក់នៅចាស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *