ស្ទឹងត្រែងៈមន្ទីរផែនការខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ និងផ្សព្វផ្សាយដំណើរការសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម យឹម ផែន អភិបាលរងនៃអភិបាលខេត្តស្ទឹងត្រែង។
លោក លី ប៊ុនលោម ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែងបានឲ្យដឹងថាកិច្ចប្រជុំនេះមានគោលបំណងសំខាន់ដូចជាការទី១.បង្ហាញពីរបាយការណ៍អនុវត្តគម្រោងតាមមន្ទីរវិស័យ និងអង្គការដៃគូអភិវឌ្ឍន៍ឆ្នាំ២០២២ ទី២បង្ហាញពីគម្រោងសកម្មភាពដែលឃុំ/សង្កាត់ ក្រុង/ស្រុកស្នើរបានតាមវិស័យ ទី៣.ផ្សព្វផ្សាយពីកម្មវិធីនយោបាយវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៣-២០២៥ និងផ្សព្វផ្សាយដំណើការនៃការសមាហរណកម្មនៅថ្នាក់ក្រុង/ស្រុក។
ឯកឧត្តម យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង បានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់អ្នកពាក់ព័ន្ធទាំងអស់រួមទាំងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមក្នុងការគាំទ្រអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឲ្យមានភាពរីកចំរើនកន្លងមក និងបានចូលរួមគាំទ្រលើផែនការអភិវឌ្ឍន៍នានានៅថ្នាក់ឃុំ/សង្កាត់/ក្រុង/ស្រុកកន្លងមក។
ឯកឧត្តមបន្តថាស្ថិតនៅក្នុងស្ថានភាពប្រទេសកម្ពុជាទើបតែងើបចេញពិវិបត្តកូវីដ១៩ ឯកឧត្តម អភិបាលរងខេត្តស្ទឹងត្រែងបានស្នើដល់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញលើការរៀបចំផែនការអភិវឌ្ឍន៍វិស័យស្នូលរបស់ខ្លួនឲ្យបានរឹងមាំ មានទិសដៅច្បាស់លាស់ សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ឃឿនសេដ្ឋកិច្ចខេត្តឲ្យមានសន្ទុះរឹងមាំ រីកចំរើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕