ករណីក្មេងទំនើងចេះ តែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះ ជាស្ថានភាពដែល គ្រប់គ្នាចង់បាន!

(ភ្នំពេញ)៖ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង  ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។

ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍ កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយក ចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាងទៀតក៏ជាពេល វេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ ពីទោសទណ្ឌនៃ ការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបាន អ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។

លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្ត ទុកដាក់ជំរុញឱ្យអនុវត្ត យ៉ាងសកម្មនូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់បង្កើន ការផ្សព្វផ្សាយ ជាចំណែកមួយចូល រួមទប់ស្កាត់និងបង្ការ រាល់បទល្មើសផ្សេងៗទាំង ក្នុងនិងក្រៅមូលដ្ឋាន ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

សូមជម្រាបជូនថា ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព ចំនួន ៦ ព្រមទាំងបានចេញ នូវបទបញ្ជា យ៉ាងម៉ឺងម៉ាត់បំផុត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្ត ទុកដាក់ទប់ស្កាត់ បង្ការ និងបង្រ្កាបនូវរាល់ បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ ក្ដៅជូនប្រជាពលរដ្ឋ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *