ស្ទឹងត្រែងៈឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៧០ គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងសង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ថ្លែងនៅក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។
ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែជាប់លំបាកនៅពេលនេះ ថ្នាក់ដឹកនាំខិតខំចុះសាកសួរសុខទុក្ខបងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច។
ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្រោយពីទឹកជំនន់បានស្រកចុះអស់ តាមរយៈការដាំដុះដំណាំកសិកម្ម ដំណាំរួមផ្សំនានា ការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពគ្រួសារ ឱ្យបានល្អប្រសើរឡើងវិញ។