អភិបាលខេត្តកែប ចែកកូនឈើ៥ពាន់ដើម ដល់សាលាបច្ចេកទេស ដុន បូស្កូខេត្តកែប …….

(ខេត្តកែប)៖ ជាទូទៅកូនឈើប្រណិត និងកូនដើមក្ងោកជាដើម ត្រូវបានអាជ្ញាធរខេត្តកែប ក៏ដូចជាមន្ទីរជំនាញ បានដាក់ដាំនៅ ទូទាំងខេត្តកែប  តាមរយៈការបំផុស ចលនាមហាជន គ្រប់ស្រទាប់វណ្ណៈ អោយចូលរួមធ្វើការដាំដុះ។

យ៉ាងណាមិញ កូនឈើប្រណិតប្រមាណ៥,០០០ដើមទៀត ត្រូវបានរដ្ឋបាលខេត្តកែប ចែកជួនដល់សិក្សានុសិស្ស នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប យកទៅដាំបន្ថែមទៀត ដើម្បីបង្កើនភាពបៃតង នៅបរិវេណសាលា ក្នុងការលើកម្ពស់ សោភណ្ឌភាពក្រុង ទាំងមូលផងដែរ។

ពិធីចែកកូនឈើ ៥,០០០ដើមនេះ បានប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងក៏មានការ ចូលរួមពីបណ្តាមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និស្សិតសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបជាច្រើននាក់។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា សកម្មភាពទាំងនេះ ជាការឆ្លុះបញ្ចាំងអោយ ឃើញនូវការយកចិត្ត ទុកដាក់របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាង សកម្មនូវគោលនយោបាយ ដាំ និងថែទាំព្រៃឈើ ឡើងវិញនៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើន។

ដោយឡែកខេត្តកែប ការបន្តចែក កូនឈើទាំងនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើអោយខេត្តកែប ជាក្រុងធម្មជាតិ និងជាគោលដៅ ទេសចរណ៍បៃតងជាដើម។

ឯកឧត្តមបន្តថា រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាក់ លើការពង្រីកភាពបៃតង ដោយផ្តោតលើការពង្រឹង ចលនាដាំដើមឈើតាម រយៈការបំផុសឱ្យ មានការដាំដើមឈើនៅក្នុង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សាលារៀន តាមលំនៅដ្ឋាន ដើម្បីជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ ជីវភាពសហគមន៍ មូលដ្ឋាន។

គួបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយបានចូលរួម បណ្តុះកូនឈើ ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បីឱ្យប្រទេសកម្ពុជាមានគម្របព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *