(ខេត្តកែប)៖ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប និងឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយពី សភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ក្នុងខេត្តកែប ជូនដល់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ យុវជន សិស្សនិស្សិត ប្រមាណជាជាង៤០០ អង្គ-នាក់ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសេះស សាលាខេត្តកែប។
មានប្រសាសន៍លើកឡើងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប ជំរុញញដល់មន្ដ្រីរាជការ ត្រូវបន្ដចូលរួមថែរក្សា សុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍន៍នានា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអនុវត្ត ក្នុងបុព្វហេតុបម្រើផល ប្រយោជន៍ជាតិមាតុភូមិ និងការពារបូរណភាពទឹកដី។
ឯកឧត្តមបណ្ឌិត បានណែនាំដល់ថ្នាក់ ដឹកនាំនៃមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ ក្រោមការដឹកនាំនៃ រាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ជាពិសេសត្រូវផ្សព្វផ្សាយ និងពន្យល់ពីកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដល់ប្រជាពលរដ្ឋអោយ យល់ដឹងកាន់តែច្បាស់ នឹងត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការCLV-DTAនេះ។
លើសពីនេះត្រូវទប់ស្កាត់ ជាបន្ទាន់នៅរាល់អំពើ ឧបាយកលអាក្រក់ ដែលមានលក្ខណៈញុះញុង អុចអាល បំបែកបំបាក់ បង្កអសន្តិសុខ បំផ្លាញ់សន្តិភាព និងការអភិវឌ្ឃន៍ប្រទេសជាតិ ព្រមទាំងណែនាំកុំឲ្យប្រជាពលរដ្ឋលង់ជឿតាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃ ការពិតរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពកុបកម្ម និងចលនានានាតាមគ្រប់រូបភាព ដើម្បីបង្កើតជាបដិវត្តន៍ពណ៌ ក្នុងគោលបំណងផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តមបណ្ឌិត បានបន្តថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយ អំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនដល់ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅ មូលដ្ឋានដែលខ្លួនរស់នៅ និងមូលដ្ឋានដែលជា ដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ ។
ដូច្នេះ យើងទាំងអស់គ្នា មិនត្រូវអនុញ្ញាតអោយជនណា ក្រុមបក្ខពួកណា ដែលមានចេតនាបំផ្លាញ់នូវភាពរីកចំរើន ការអភិវឌ្ឈន៍ ភាពសុខដុមរមនា របស់សង្គមជាតិ និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬបង្កើតបដិវត្តន៍ពណ៍ លើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាបាននោះឡើយ៕ សេង ណារិទ្ធ