(ខេត្តកែប)៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល អំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ “គម្រោងមេធាវីដល់មូលដ្ឋាន ”
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងអាជ្ញាការអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ វរ:សេនីយ៍ តំណាងកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ ព្រមទាំងក្រុមការងាររៀបចំ គម្រោងមេធាវីដល់មូលដ្ឋាន សរុបប្រមាណជាង៣០០នាក់។
មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណ ដល់ប្រតិភូគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើការផ្សព្វផ្សាយស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ “ គម្រោងមេធាវីដល់មូលដ្ឋាន “។ ឯកឧត្តមបន្តថា៖ វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ពិតជាមានសារៈ សំខាន់ណាស់ដល់មន្រ្តីដែល ជាអ្នកអនុវត្តច្បាប់ក្នុង មូលដ្ឋាននៃខេត្តកែប នេះផ្ទាល់។ ជាពិសេសនោះគឺការផ្សព្វផ្សាយ អំពីសេវាមេធាវី ការការពារក្តីជូនជន ក្រីក្រដោយមិនគិតកម្រៃ ឯកឧត្តមបណ្ឌិត បានសំណូមពរ ឱ្យសមាជិក សមាជិកា ដែលចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ ការធ្វើបទបង្ហាញរបស់ក្រុម គ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាចំណេះដឹងថ្មី ក្នុងការយកទៅអនុវត្ត នៅក្នុងកិច្ចការងាររបស់ខ្លួន អោយមានប្រសិទ្ធភាព។
មានប្រសាសន៍បើកវគ្គ បណ្តុះបណ្តាលនាឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបជូនអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖
-ទី១. ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តី ជូនជនក្រីក្រដោយមិនយកកម្រៃ
-ទី៣. ផ្សព្វផ្សាយអំពីសេវាពិ គ្រោះយោបល់ដោយ មិនគិតកម្រៃជូនប្រជាពលរដ្ឋ
-ទី៤. បណ្តុះបណ្តាលអំពីច្បាប់ ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី
ឯកឧត្តម លី ច័ន្ទតុលា បានបន្តទៀតថា ការផ្សព្វផ្សាយផ្ទាល់ ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអាជ្ញាធរ ឃុំ សង្កាត់ អោយបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ដែលជាការជម្រុញដល់ ប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួម ចំណែកក្នុងការអនុវត្តគាំទ្រ យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី សង្ឃឹមយ៉ាងម៉ុតមាំថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នេះរួច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងទទួលបាននូវធាតុ ចូលថ្មីបន្ថែមទៀត សម្រាប់បម្រើការងារ និងបម្រើផល ប្រយោជន៍ជូនប្រជា ពលរដ្ឋអោយបានល្អប្រសើរ៕ សេង ណារិទ្ធ