(ខេត្តកំពត)៖ គណ:កម្មការវត្ត លោកតាអាចារ្យទាំងអស់ ដែលមានតួនាទីក្នុងវត្ត គួរតែចេះរួបរួមសាមគ្គីគ្នា ឱ្យបានស្អិតល្មួត ធ្វើបែបនេះទើប ទីអារាមមានការរីកចម្រើន ថែមទាំងគ្មានការរិះគន់ ពីសំណាក់មហាជន និងពុទ្ធបរិស័ទជិតឆ្ងាយ។
នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេស ក្រសួងការពារជាតិ ក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី និងពុទ្ធាភិសេក ព្រះពុទ្ធបដិមាកម្ពស់12ម៉ែត្រ និងរាប់បាតព្រះសង្ឃចំនួន50អង្គ ក្នុងវត្តអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃទី23 ខែមិថុនា ឆ្នាំ2024។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងវត្តអារាមនិមួយៗ ក៏ត្រូវពឹងផ្អែកទាំងស្រុង លើការជួយឧបត្ថម្ភ ជ្រោមជ្រែង ពីសំណាក់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧ្យទីអារាមមានភាព រីចម្រើនផ្នែពុទ្ធចក្រ។
ជាមួយគ្នានេះ ក្នុងនាមជាអាចារ្យ គណ:កម្មការ ព្រះចៅអធិការវត្ត ក៏ដូចជាព្រះសង្ឍ គប្បីកំមើលបំណាំគ្នា ត្រូវចេះសាមគ្គីគ្នា ដាច់ខាតកុំមានបក្ខមានពួក ឬការបែងចែកជាក្រុម ដែលនាំបង្កភាពអាប់អួរក្នុងទីអារាម នាំឱ្យពុទ្ធបរិស័ទគ្មានជំនឿនឹងការធ្វើបុណ្យដាក់ទាន។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបញ្ជាក់ផងដែរថា ជាការពិតណាស់ស្រុកអង្គរជ័យមានភាពល្បីល្បាញអ្នករៀនសូត្រពូកែៗ ថែមទាំងមានអ្នកធ្វើការក្នុងជួររាជការធំៗច្រើន ហើយបច្ចុប្បន្នយុវជនជំនាន់ក្រោយ នៅតែបន្តរក្សាកេរ្ត៍ឈ្មោះ ដល់ស្រុកមួយនេះផងដែរ។ដូច្នេះដើម្បីបង្កើនូវ ភាពល្បាញល្បី គប្បីយើងទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់ នូវគុណធម៌ សច្ច:ធម៌ ឱ្យបានខ្ជាប់ខ្ជួន។
ជាចុងក្រោយ លោកក៏បានជំរុញ ដល់ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ដែលរស់ក្នុង ស្រុកអង្គរជ័យទាំងអស់ កុំបោះបង់នូវរបរកសិកម្ម ការដាំដំណាំរួមផ្សំ ការចិញ្ចឹមសត្វ នៅតាមលំនៅដ្ឋាន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារ កាន់តែធូរធាថែមមួយកម្រិតទៀត៕ ដោយលោក សេង ណារិទ្ធ