(ភ្នំពេញ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។
ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ទាំងការបោះឆ្នោតសកល និងអសកល ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងអ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬការបង្កហេតុផ្សេងៗ។
ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេន ដែលទទួលខុសត្រូវលើកិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប ដើម្បីបន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ ពិសេសគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រជាពលរដ្ឋ មានភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ជាទៀតទាត់ស្របតាមច្បាប់។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ក្នុងបរិយាកាសដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ នៅកម្ពុជាមានការវិត្តល្អប្រសើរ ពិសេសគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងកោតសរសើរ។
ឯកឧត្តម បានធ្វើមូលវិចារការវាយតម្លៃជារួមរបស់ភាគីពាក់ព័ន្ធ ថាការបោះឆ្នោតទាំងពីរចុងក្រោយនេះ មានបរិយាកាសសន្តិសុខ និងរបៀបរៀបរយល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ពិសេសបានប្រព្រឹត្តទៅដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ និងមានតម្លាភាព។ ឯកឧត្តម ក៏បានថ្លែងអំណរគុណគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលផ្ដល់កិច្ចសហការយ៉ាងល្អលើការងារសន្តសុខបោះឆ្នោត៕