ខេត្តស្ទឹងត្រែង៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ឱ្យបានល្អប្រសើរ គ្រាដែលអភិបាលរងខេត្តស្ទឹងត្រែង លោក សែន វ៉ាន់ស៊ីម ក៏បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងឱកាសនោះ ផងដែរ។
ប្រសាសន៍ណែនាំ ដាស់តឿនរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង លោក លីម វាសនា ជំនួសលោក ប្រាជ្ញ សុភី ដែលត្រូវផ្ទេរទៅកាន់ជាប្រធានពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី៤ «ម៤» ក្នុងខេត្តពោធិ៍សាត់ ។
ប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ដែលទើបប្រកាសចូលកាន់មុខតំណែង បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គោរព និងប្រតិបត្តិតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
អភិបាលរងខេត្តស្ទឹងត្រែង លោក សែន វ៉ាន់ស៊ីម បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំរបស់ ប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង និងលោកបានណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អ រវាងមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្តស្ទឹងត្រែង។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង ត្រូវគោរពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសត្រូវមានទំនាក់ទំនងល្អ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងបំពេញកិច្ចការងារនេះ ឱ្យបានកាន់តែល្អប្រសើរ។
លោក ឈន សាណាត បានស្នើសុំអាជ្ញាធរខេត្តស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមឲ្យមានកិច្ចសហការគ្នាល្អ ជាមួយពន្ធនាគារខេត្ត ជាពិសេសស្ថិតនៅក្នុងបរិបថ នៃយុទ្ធនាការដ៏ពុះកញ្ជ្រោល គឺយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្ក្រាបក្មេងទំនើង ដែលកិច្ចការនេះ គឺជះដល់ពន្ធនាគារដែលត្រូវទទួល ហើយក្នុងពេលខាងមុខ ពន្ធនាគារខេត្តស្ទឹងត្រែង អាចមានអ្នកជាប់ឃុំក្នុងកម្រិតជាង ១ពាន់នាក់ ខណៈដែលបច្ចុប្បន្ន ពន្ធនាគារខេត្តស្ទឹងត្រែង មានអ្នកជាប់ឃុំក្នុងកម្រិតជាង ៩០០នាក់ នោះហើយ៕SAMNEANG