(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ជាជនជាតិចិន២នាក់ បានមកស្នាក់នៅ ក្រុងប៉ោយប៉ែត មានទាំងកាំភ្លើងខ្លី វែង និងគ្រឿងញៀន និងសម្ភារៈជាច្រើនមុខទៀត បានទៅគំរាមខ្ចីលុយ អ្នកធ្វើការជាមួយ គេមិនឲ្យផ្ទុះ កំហឹងចង់បាញ់គេ សម្លាប់ចោល។
ក្រោយពីកើតហេតុ ហើយត្រូវបាន ជនរងគ្រោះ ឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន និងប្រពន្ធ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមកដាក់ពាក្យប្តឹង ក្នុងពាក្យបណ្តឹង នោះជនរងគ្រោះ បានរៀបរាប់ថា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុច បុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបាន មកខ្ចីលុយខ្លួន ពេលនោះខ្លួនថាពុំមានទេ ជនស្ស័យមាន កំហឹងយ៉ាងខ្លាំង ចង់ចាញ់ជនរងគ្រោះ សម្លាប់ចោល។
ក្រោយពីទទួលបាន ពាក្យបណ្តឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម ចុះស្រាវជ្រាវរហូតកំណត់ មុខសញ្ញាលុះ នៅវេលា ម៉ោង៣រសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤បានធ្វើការឃាត់ ខ្លួនជនសង្ស័យ បានចំនួន២នាក់ ជាជនជាតិចិន នៅចំណុច បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ និងបានដកហូត វត្ថុតាងរួនមាន អាវុធខ្លីចំនួន៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន១ដើម, និងអាវុធវែងចំនួន១ដើម ម៉ាក ESCORT MAGNUM លេខ5760359 ចំនួន១ដើម និងគ្រាប់ចំនួន២គ្រាប់, បង់អាវុធចំនួន៣, ដំបងឆក់ ចំនួន១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូរ, គ្រឿងញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លា ចំនួន៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម, គ្រឿងញៀន ប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY) ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម, គ្រឿងញៀន ប្រភេទម្សៅពណ៌ស (កេតាមីន) ចំនួន១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ នោះជាជនជាតិចិន ១-ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង២នាក់ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង២នាក់ ពេលដែលកំលាំងអាវុធហត្ថសួរនាំ បានឆ្លើយសារភាពថា កាំភ្លើងនិងសម្ភារៈខាងលើពិតជារបស់ខ្លួន ទុកសម្រាប់ការពារក្នុងហាង អេផ្លា ហើយខ្លួនបានយកមកទុកក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ ហើយខ្លួនពិតជាមានកំហឹងនិងឈ្មោះ ហ័ង ពូ ហៅអាហៃ និងប្រពន្ធយ៉ាងខ្លាំង ដោយពួកខ្លួនខ្ចីប្រាក់មិនបាន ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីធ្វើការចោទ ប្រកាន់តាមនីតិវិធី ទៅតាមច្បាប់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះហើយ៕ដោយលោក វ៉ាន់ ណាង