(ខេត្តព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នា ផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។
វីដេអូដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន ធ្វើទារុណកម្ម, វីដេអូខ្មោចលង និងវីដេអូផ្សេងៗទៀត នៅក្នុងមូលដ្ឋាន ខេត្តព្រះសីហនុ ។ តាមរយៈវីដេអូប្រឌិត ទាំងអស់នេះ បានធ្វើឲ្យមហាជន មានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់ នៅក្រៅប្រទេស ដែលមានបំណងមក លេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។
ដែលធាតុពិតមិន មានហេតុការណ៍ នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បី ទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។
ក្រោយការឃាត់ ខ្លួនជនសង្ស័យទាំង ២នាក់ ខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខ ខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរស័ព្ទដៃ , សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ ៕