ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន”  គឺជាការរួមចំណែក លើកកម្ពស់វិស័យ កីឡានៅកម្ពុជា…….

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” គឺជាការរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់ វិស័យកីឡានៅកម្ពុជា។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង -ស្ថាប័ន” នេះបានបង្ហាញយ៉ាងច្បាស់អំពី ឱកាសដែលយើងទាំងអស់គ្នា អាចជួបជុំគ្នាលេងកីឡា មិនត្រឹមតែសម្រាប់ ការសប្បាយរីករាយ និងដើម្បីសុខភាពមិត្តភាពប៉ុណ្ណោះទេ តែវាក៏ជាការរួមចំណែក របស់យើងជាយុវជនក្នុងការគាំទ្រ និងលើកកម្ពស់វិស័យ កីឡានៅកម្ពុជាផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ទន្ទឹមនឹងនោះការប្រកួត ដែលបានរៀបចំឡើងនេះ ក៏ដើម្បីរួមចំណែកក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡា ឱ្យរីកចម្រើនឡើងថែមទៀត ស្របតាមគោល នយោបាយជាតិស្ដីពីការ អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា សំដៅអភិវឌ្ឍន៍ ធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ទាំងផ្នែកបញ្ញាស្មារតី និងកាយសម្បទា ដែលនេះរួមចំណែក ដល់ការលើកកម្ពស់ផលិត ភាពកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។

បើតាមរបាយការណ៍របស់ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មា ធិការកីឡាបាល់ទាត់ ពានរង្វាន់ “មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន” បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ នេះ មានក្រសួង ស្ថាប័ន រហូតដល់ ៣៤ បានចូលរួមការប្រកួត។ ក្នុងនោះមាន ៣ក្រុម ដែលទើបនឹងចូលថ្មី គឺ៖ ក្រុមយុវជនក្រសួងមហាផ្ទៃ ក្រុមយុវជនក្រសួងការពារជាតិ និងក្រុមយុវជនកងរាជអាហត្ថរាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *