(ខេត្តបាត់ដំបង)៖ ថ្លែងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយ កងកម្លាំងចម្រុះចំណុះគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណ ទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃ ការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ច ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់កងកម្លាំង ដែលជាធម្មតាទៅហើយនៃ ថ្ងៃបុណ្យឈប់សម្រាក គឺក្រុមគ្រួសារនីមួយៗ ត្រូវជួបជុំនូវសាច់ញាតិ ដើម្បីលេងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងកម្លាំងតែងនៅ ជួរមុខជានិច្ច មិនថាថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោមតំណក់ទឹកភ្លៀងក្ដី ដើម្បីធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពោលគឺពេលវេលាដែល ប្រជាពលរដ្ឋទូទាំង ប្រទេសកាន់តែសប្បាយរីករាយ គឺជាពេលដែលកង កម្លាំងទាំងអស់កាន់តែមានការ ទទួលខុសត្រូវខ្ពស់។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត តួយ៉ាងក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅនេះ កងកម្លាំងទាំងអស់បាន រួមចំណែកលះបង់យ៉ាង ធំធេងលើសពីតួនាទីរបស់ខ្លួន លើសពីការទទួលខុសត្រូវ កម្រិតរដ្ឋបាល ប៉ុន្តែនេះគឺជាការទទួលខុសត្រូវរួម ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពជូន ប្រជាពលរដ្ឋស្របតាម មាគ៌ាដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគិតគូរពីសេចក្ដីសុខ សុវត្ថិភាព និងបង្កលក្ខណៈជំរុញ ឱ្យគ្រប់មូលដ្ឋានមានការរៀបចំ ឱ្យបានល្អប្រសើរនូវកម្មវិធី កម្សាន្តសប្បាយឆ្នាំថ្មី និងកម្មវិធីដទៃទៀត នៅតាមមូលដ្ឋាននីមួយៗ។
ជាថ្មីម្ដងទៀតឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទាំងក្រុមការងារយុវជន កងកម្លាំង និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ ដែលនៅក្នុងឆ្នាំ២០២៥នេះ បានសហការរៀបចំ និងចូលរួមកម្មវិធីសង្ក្រាន្តឱ្យប្រព្រឹត្តិទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយដែលភាពរីករាយនេះ មិនអាចកាត់ផ្ដាច់បានឡើយ គ្រប់តួអង្គទាំងអស់ រួមទាំងកងកម្លាំង និងអាជ្ញាធរ៕