ចាប់ខ្លួនមេតុងទីនម្នាក់ បញ្ជូនទៅតុលាការ ករណី.ឆបោក និងចេញសែកស្អុយ រាប់សិបម៉ឺនដុល្លារអាមេរិក

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នេះ កម្លាំងសមត្តកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និងចេញសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក ។

ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ការចាប់ខ្លួនមេតុងទីនខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹង ជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យ បណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវី ការពារក្តីតំណាង ដោយអាណត្តិគឺលោកស្រី នួន មករា សមាជិកគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ។

តាមពាក្យបណ្តឹង របស់ជនរងគ្រោះបានបញ្ជាក់ថា សុំប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧)៦០០ (៦)៥០០ (៦)(ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់) ដោយដើមបណ្តឹង ជាកូនតុងទីនបានបង់ គ្រប់ចំនួន និងដល់ពេលត្រូវ កើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧.១៦០ ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩.៦៦០ ដុល្លារអាមេរិក និងសន្យាប្រគល់ ប្រាក់សុទ្ធខាងក្រៅ ឲ្យបានគ្រប់ចំនួនបន្ថែមទៀត ។

ប៉ុន្តែនៅពេលដល់ ថ្ងៃកំណត់បើកប្រាក់ ក្នុងមូលប្បទានប័ត្រ ខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់ តាមការកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះ មិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាង មេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផល អ្វីទាំងអស់ទៀតផង ។

ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា នៅមានកូនតុងទីន ជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២ លានដុល្លារ អាមេរិកឯណោះ ហើយកូនតុងទីនដែល រងគ្រោះទាំងអស់នោះ កំពង់រៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវី ការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បន្តបន្ទាប់ទៀត ។

ដូច្នោះក្នុងនាមជាជនរងគ្រោះ ស្នើសុំឲ្យស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ មេត្តា ចាត់ការលើមេតុងទីន និងប្តី ដូចមានឈ្មោះខាងលើ ឲ្យបានតឹងរុឹងបំផុត និងតាមផ្លូវច្បាប់ ជាធរមានផងដែរ ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *