(ភ្នំពេញ)៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រ កម្ពុជាបានថ្លែងថា ឆ្លងកាត់រយៈពេល៧៤ឆ្នាំ មកនេះការពិតជាក់ស្ដែង បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួម សុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់ នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គមដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨.០៦.១៩៥១ -២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា រាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ថា បន្ទាប់ពីសម្រេចបាន ជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ ១៩៧៩ មក គណបក្សបានដឹកនាំ ប្រទេសតាមមាគ៌ានយោបាយ មួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណង ប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ ថ្លៃថ្លាបំផុតលើគ្រប់វិស័យ ក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរ ទាំងមូលបានរស់នៅយ៉ាង សុខសាន្ដប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាម របួសដ៏ឈឺចាប់បំផុតពី អតីតកាល។
សម្ដេចតេជោបន្តថា លើមូលដ្ឋានតថភាពនេះ ប្រជាជនពិតជាបានឃើញ ច្បាស់អំពីសារជាតិរបស់គណបក្ស ប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍ របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការការពារ ជាតិការកសាងនិងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះ ទៅរកអនាគតដ៏រុងរឿងបាន។
សម្តេចតេជោលើកឡើងថា សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈ ការគាំទ្រយ៉ាងច្រើនលើស លប់របស់ប្រជាជនមកលើ គណបក្សនៅក្នុងរាល់ការ បោះឆ្នោតកន្លងមកទាំង ការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់។
សម្តេចតេជោបន្តថា ការគាំទ្រនេះ បានធ្វើឱ្យគណបក្សមានលទ្ធភាព ពេញលេញក្នុងការអនុវត្ត ដោយជោគជ័យ នូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបាននាំកម្ពុជាឱ្យ ឈានឡើងពីដំណាក់កាល មួយទៅដំណាក់កាលមួយទៀត ជាបន្តបន្ទាប់ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ សម្ដេចតេជោថ្លែងទៀតថា តាមរយៈការគាំទ្ររបស់ប្រជាជន ក៏បានធ្វើឱ្យបរាជ័យ នូវឧបាយកលដ៏ពិសពុល របស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែរិះរកគ្រប់វិធីឥតឈប់ឈរ ប៉ុនប៉ងផ្ដួលរំលំគណបក្ស ប្រជាជនកម្ពុជាតាមមធ្យោបាយ មិនប្រជាធិបតេយ្យ ដែលផ្ទុយទាំងស្រុង ពីរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជន។
សម្ដេចតេជោប្រធានគណបក្ស ប្រជាជនកម្ពុជាគូសបញ្ជក់ទៀតថា ការសម្រេចបានជោគជ័យ របស់គណបក្ស ក្នុងការដឹក នាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ដូចជា គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។
ជាមួយគ្នានេះ សម្តេចតេជោបានអះអាងថា គណបក្សផ្សារភ្ជាប់ ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស។ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ម៉ត់ចត់។ គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌។ ទន្ទឹមនេះ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន ហើយគណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្ដីប្រាថ្នារបស់ប្រជាជន។
គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា បានរៀបចំមីទ្ទីងរំឭកខួបទី ៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និង មានការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណបក្សប្រមាណ ១២ ០០០នាក់៕