(ខេត្តតាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួម ប្រារព្ធមីទិញថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី ២៨ ខែមិថុនាឆ្នាំ ២០២៥ នេះ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ បានធ្វើការអំពាវនាវ ដល់បងប្អូនជាពលរដ្ឋ ក្នុងខេត្តតាកែវ សូមគាំទ្រការដឹកនាំនិង ការដោះស្រាយរបស់រាជ រដ្ឋាភិបាលពាក់ព័ន្ធទៅ នឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានថ្លែងបន្តថា ប្រជាពលរដ្ឋខេត្តតាកែវ ទាំងអស់ត្រូវរួមសាមគ្គី ជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កង កម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំនិង ត្រូវនាំគ្នាសម្ដែងនូវ ការគោរពចំពោះវីរភាព របស់កងទ័ព និងកងនគរបាលដែល កំពុងបំពេញភារកិច្ចការពារ បូរណភាពទឹកដីនៅតាម ខ្សែបន្ទាត់ព្រំដែនជា មួយប្រទេសជិតខាង ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាដ៏កម្សត់ នេះធ្លាប់បានទទួលរង ការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកកោ និងត្រូវគេប្រមាថ មើលងាយពីអតីតកាល។ ឥឡូវនេះកម្ពុជាបានងើបឈរ ឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ។
ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងបន្តថា សកម្មភាពវាយប្រហារ ខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពាន យ៉ាងយ៉ាងធ្ងន់ធ្ងរមក លើអធិបតេយ្យភាពកម្ពុជា សម្រាប់គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវជំហរ ដ៏ម៉ឺងម៉ាត់ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រ ជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀត ក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាម អនុស្សារណៈនៃការ យោគយល់គ្នារវាងប្រទេស ទាំងពីរនៅឆ្នាំ ២០០០៕