ថ្នាក់ដឹកនាំក្រសួង​ព័ត៌មាន​ កោតសរសើរការរៀបចំ ធ្វើយុទ្ធនាការប្រឆាំងព័ត៌មាន ក្លែងក្លាយរបស់មន្ទីរព័ត៌មានខេត្តកែប

(ខេត្តកែប)៖ រយៈពេលមួយឆ្នាំហើយ ដែលបណ្តាមន្ទីរព័ត៌មាន នៅទូទាំងប្រទេស ត្រូវបានបណ្តាក់វេនរៀបចំ ធ្វើយុទ្ធនាការប្រឆាំង ព័ត៌មានក្លែងក្លាយ ទៅតាមខែនីមួយៗ ដោយឡែកសម្រាប់​ខេត្តកែប​ ជាសប្តាហ៍ទី៤ហើយ  ដែលមន្ទីរព័ត៌មានខេត្តកែប​ កំពុងធ្វើយុទ្ធនាការនេះ។ យ៉ាងណាឆ្លងកាត់រយៈ ពេល៣សប្តាហ៍កន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់និង កោតសរសើរមន្ទីរព័ត៌មានខេត្តកែប ចំពោះការរៀបចំអនុវត្តន៍ នូវយុទ្ធនាការប្រឆាំង​ ព័ត៌មាន​ក្លែងក្លាយ​ ក្រោមទិសស្លោក​ “​ និយាយថា​ទេចំពោះ​ ព័ត៌មាន​ក្លែងក្លាយ​ “។

នេះជាការលើកឡើងរបស់ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន​ ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ មន្ទីរព័ត៌មានខេត្តកែប នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា បន្ទាប់ពីធ្វើយុទ្ធនាការប្រឆាំង ព័ត៌មានក្លែងក្លាយ ទ្រង់ទ្រាយធំមួយនៅ សាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្ដម​ អ៊ុក​ ថា​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ទីរបានបន្តចុះធ្វើយុទ្ធនាការនេះ នៅតាមរដ្ឋបាលក្រុង​ ស្រុក​ សាលារៀន សាលាឃុំ សង្កាត់ តាមផ្សារ និងតាមខ្នងផ្ទះរបស់ ប្រជាពលរដ្ឋ ហើយជំហ៊ានបន្តយុទ្ធនាការ នេះ នឹងបន្តធ្វើនៅតាម តំបន់ទេសចរណ៍កម្សាន្តសំខាន់ៗ នៅទូទាំងខេត្តកែប ក្នុងបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មាន ក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជាទាំងមូល។

ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លើកឡើងថា មន្ទីរព័ត៌មានខេត្តកែប ឆ្លើយតបបានយ៉ាងល្អ ជាមួយការដាក់ចេញនូវ ផែនការបស់ក្រសួងព័ត៌មាន ក្នុងការចុះធ្វើយុទ្ធនាការប្រឆាំង ព័ត៌មានក្លែងក្លាយ ក្នុងទិសស្លោក “និយាយថាទេចំពោះ ព័ត៌មានក្លែងក្លាយ” អោយជ្រាបដល់មូលដ្ឋាន ប្រជាពលរដ្ឋ ដែលនេះបានឆ្លុះបញ្ជាំង ឱ្យឃើញពីការខិតខំប្រឹងប្រែង របស់មន្រ្តីនៃមន្ទីរទាំងអស់។

ជាមួយការកោតសរសើរ ឯកឧត្តម បានណែនាំ ដល់មន្រ្តីនៃមន្ទីរព័ត៌មាន ខេត្តកែបទាំងអស់ បន្តរក្សាសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ បន្តប្រឹងប្រែងបំពេញការងារ បន្ថែមទៀតក្នុងនាមជាសេនាធិការ អោយរដ្ឋបាលខេត្តកែប ក្នុងការរំលេចស្នាដៃនៃ ការខិតខំអភិវឌ្ឍរបស់ខេត្ត ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​ និងខិតខំដុសខាត់ នូវចំណេះដឹងថ្មីៗដើម្បីដើរអោយទាន់ នូវបរិបទបច្ចេកវិទ្យា ក្នុងការត្រៀមឆ្លើយ តបគ្រប់វិធីប្រកបដោយ សកម្ម បុរេសកម្ម៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *