អាជ្ញាធរជំនាញតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង


ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរមុខងារសាធរណៈខេត្តស្ទឹងត្រែង ត្រូវបានក្រុមការងាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងចុះទៅរៀបចំធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រនារសៀលថ្ងៃទី ១៣ ខែធ្នូឆ្នាំ២០២៤។

លោក ប៉ិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបានលើកឡើងថា ការតេស្តស្វែងរកសារធាតុញៀន ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តនាពេលនេះគឺជាការចូលរួមអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ប៉ិច ជីន លើកឡើងបន្តថាមានមន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលបានចូលរួមធ្វើតេស្តស្វែងរកសារធាតុញៀននាពេលនេះ មានសរុបចំនួន១៥ នាក់ មានស្រី ០៥ នាក់  នៅក្នុងចំណោម១៥ នាក់នេះ មានមន្ត្រីជាប់កិច្ចសន្យាចំនួន០៦ នាក់ផងដែរ។

យ៉ោងតាមមន្ត្រីជំនាញរបស់ក្រុមការងាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានឲ្យដឹងថា ក្រោយការធ្វើតេស្តទឹកមូត្ររួចមក ថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរមុខងារសាធារណៈខេត្ត ទាំង១៥ នាក់ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

គួរំលឹកថាដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ដូចជា១- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣- ការអនុវត្តទ័ណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *