(ខេត្តកណ្តាល)៖ ជនជាតិឥណ្ឌា៧នាក់ ត្រូវអាជ្ញាធរសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។
យ៉ាងណា ការចាប់ខ្លួនធ្វើត្រឹមតែមួយថ្ងៃ ក្រោយ មានបទបញ្ជាពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។
បើតាមការបញ្ជាក់ក្នុង របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា ជនជាតិឥណ្ឌាទាំង៧នាក់នោះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅ ភូមិសាស្ត្រក្រុងតាខ្មៅ រួមមាន៖ ទី១.ឈ្មោះ ម៉ាណូច MANOJ អាយុ៤៨ឆ្នាំ ទី២.ឈ្មោះយ៉ាដាវ ឌីប៉ាក YADAV DEEPAK អាយុ២៨ឆ្នាំ ទី៣.ឈ្មោះ ចក្រាបូទី ស៊ូម៉ាន់តា CHAKRABORTY SUMANTA ជាព្រះសង្ឃ, ទី៤.ឈ្មោះ យ៉ាដាវ ស៊ូនីល YADAV SUNIL, អាយុ៣០ឆ្នាំ ជាមេក្លោងមកពីភ្នំពេញ, ទី៥.ឈ្មោះ ឡាខាន់ដា LAKHANDAR អាយុ៣២ឆ្នាំ ទី៦.ឈ្មោះ នីសាដ ហ្គូលូ NISHAD GOLU អាយុ២៦ឆ្នាំ.និងទី៧.ឈ្មោះ សាហានី ប្រីជេស Sahani Brijesh អាយុ៣០ឆ្នាំ បានផ្ដល់ប្រាក់កម្ចីចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗឱ្យខ្ចីចាប់ពី២០ម៉ឺនទៅ១លានរៀល ហើយត្រូវបង់ប្រចាំថ្ងៃមួយថ្ងៃ២ម៉ឺនរៀល ទៅតាមទំហំទឹកប្រាក់ និងចំនួនថ្ងៃដែល បានចរចានៃការខ្ចី។
ឃាត់ខ្លួនជនជាតិឥណ្ឌានៅពេលនេះ ធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃ បន្ទាប់ពីលោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល ចេញសារសំឡេងតាមប្រព័ន្ធតេឡេក្រាម បញ្ជាឱ្យគណអភិបាលក្រុង-ស្រុក ត្រួតពិនិត្យសកម្មភាពផ្តល់កម្ចី ក្រៅផ្លូវការរបស់ជនជាតិឥណ្ឌា បន្ទាប់រីករាលដាល កាន់តែច្រើននៅតាម ខេត្តដាច់ស្រយាល និងនៅជាយរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏ធ្លាប់លើកឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៤ធ្នូ ឆ្នាំ២០២៤ ដោយបញ្ជាក់ថា កន្លងមកការផ្ដល់កម្ចីក្រៅផ្លូវការនេះ ភាគច្រើនផ្តល់ដោយចិន ប៉ុន្តែចុងក្រោយមានលេចឡើងនូវជនជាតិឥណ្ឌា ផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាលុយរាប់ មានការប្រាក់ប្រមាណ២០ភាគរយ ពោលគឺបើសិនជាពួកគេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ៥ដុល្លារ និងមានរយៈពេល២៤ថ្ងៃ។
លោកបន្តថា សកម្មភាពផ្តល់ប្រាក់កម្ចីក្រៅផ្លូវការនេះ កំពុងរីករាលដាលច្រើន ដោយសារការផ្ដល់ឥណទានបែបនេះ មានភាពងាយស្រួល និងមានការប្រាក់ខ្ពស់ ស្របពេលពលរដ្ឋភាគច្រើន ចូលចិត្តយកកម្ចីបែបនេះដោយមិនបានគិតពិចារណាឱ្យបានល្អិត និងគិតថារឿងងាយស្រួលក្នុងពេលពួកគេមានតម្រូវការហិរញ្ញវត្ថុ។
ដោយឡែក លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការផ្ដល់កម្ចីក្រៅផ្លូវការរបស់ជនជាតិឥណ្ឌា មាន២ទម្រង់ ដោយដំបូងឡើយ គឺក្នុងរូបភាពលក់សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឱ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ និងក្រោយមកពង្រីអាជីវកម្មតាមរយៈការផ្ដល់ប្រាក់កម្ចី ដោយទូទាត់សងវិញប្រចាំថ្ងៃ ដូចការលក់សម្លៀកបំពាក់ដែរ៕