(ខេត្តកំពត)៖ មន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តកំពតបានបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពតឆ្នាំនេះ ពិតជាគួរឲ្យមោទនភាពខ្លាំងណាស់ ក្នុងនាមសិល្បករ សិល្បការិនី ព្រោះឃើញការត្រៀមរៀបចំ របស់អាជ្ញាធរខេត្ត និងក្រសួងជំនាញពាក់ព័ន្ធប្រព្រឹត្តិបានល្អ។ ហើយមន្ទីរពិតជាមានកិត្តិសយខ្លាំងណាស់ ក្នុងការហាត់សមរបាំ៣ប្រភេទ ដើម្បីសម្តែងជូនដល់ប្រមុខថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការ។
នៅរាត្រីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ ជារាត្រីថ្ងៃទី១ នៃថ្ងៃប្រណាំងទូកដើម្បីអប់អរពិធីបុណ្យសមុទ្រលើកទី១១ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរកម្សាន្តយ៉ាងច្រើន ដើម្បីទស្សនាស្តង់ពិព័រណ៍លក់ផលិតផល ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការហាត់សមរបាំផងដែរ ខណៈដែលសោភ័ណភាពទីក្រុង ស្រស់ឆើតឆាយលេចធ្លោអម្អដោយភ្លើងចម្រុះពណ៌ ចាំងឆ្លុះនៅលើផ្ទៃទឹកព្រែក។
នៅក្នុងរាត្រីដ៏ត្រកាលនោះ លោក ស្រី ម៉ែនសម្ផស្ស ជាប្រធានការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ដើម្បីចូលរួមអប់អរសាទរកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រលើកទី១១ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត មន្ទីរវប្បធម៌បានត្រៀមសីល្បៈរបាំប្រជាប្រិយ១របាំ និងរបាំបូរាណ២របាំ គឺរបាំផលិតអំបិល ព្រាបសន្តិភាព និងរបាំរស្មីដួងច័ន្ទ ដែលសម្តែងដោយក្រុមកូនសិស្ស ដែលឆ្លៀតពេលទំនេរពីការសិក្សានៅថ្ងៃសៅរ៍អាទិត្យ មកហាត់រៀន។
លោកស្រីបានបន្តថា ក្នុងនាមជាពលរដ្ឋខេត្តកំពត និងជំនួសមុខឲ្យក្រុមសិល្បករ សិល្បៈការិនី ពិតជាមានកិត្តិយស និងមានមោទនភាពក្រៃលែង ដែលមានឱកាសចូលរួមសម្តែងរបាំដើម្បីស្វាគមន៍វត្តមានប្រមុខថ្នាក់ដឹកនាំ ភ្ញៀវកិត្តិសយជាតិ និងអន្តរជាតិ មកពីជាង១០០ប្រទេស ចូលរួមពិធីបុណ្យសមុទ្រលើកទី១១នេះ។
សូមជំរាបថា នៅថ្ងៃស្អែកវត្តមានរបស់សិល្បករ សិល្បការិនី តារាមច្រៀងជាតិ និងអន្តរជាតិមកពី៧ប្រទេស នឹងមក ហាត់សមជុំគ្នានៅលើវេទិការកិត្តិយសដែលស្ថិតនៅជាប់ស្ពានឥន្ទធនូ(ស្ពានចាស់) ខណៈដែលកម្មវិធីដាំកូនឈើ និងការប្រណាំងទូកវគ្គផ្តាច់ព្រាត់នឹងធ្វើនៅថ្ងៃដដែលនេះដែរ មុននឹងបន្តឈានចូលដល់កម្មវិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ៕ សេង ណារិទ្ធ