ខេត្តស្ទឹងត្រែង៖នៅថ្ងៃទី២៦វិច្ឆកា២០២៤នេះមន្ទីកិច្ចការនារីខេត្តស្ទឹងត្រែងសហការការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ក្រោមការផ្តួចផ្តើមពីក្រសួងកិច្ចការនារី និងមានការគាំទ្រពីអង្គការដៃគូរ UNFPA បានធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ។
យុទ្ធនាការនេះបានធ្វើឡើងនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យក្រោមការអញ្ចើញចូលរួមពីលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារី លោក លី មីណា អភិបាល នៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងលោកស្រី បួ ខាំតង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីសិស្សានុសិស្ស ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ ប្រមាណ២០០នាក់។
ប្រធានមន្ទីរកិច្ចការនារីខេត្តលោកស្រី សន សុខា បានថ្លែងថាយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗគឺ បង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំង ផ្នែកសាសនា សិល្បៈ វិស័យឯកជន ។ លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកស្រី បន្តថាក្រសួងកិច្ចការនារីបានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំយុទ្ធនាការ១៦ថ្ងៃឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តស្រ្តីនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ បានបញ្ជាក់អំពីការលើកកម្ពស់ការឆ្លើយតបប្រកប ដោយបរិយាបន្ននិងសមធម៌ ដល់ស្រ្តីនិងក្មេងស្រីដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម ជាកិច្ច ការអន្តរវិស័យរបស់ក្រសួង និងអង្គភាពចំណុះដែលជំរុញឱ្យបញ្ជ្រាប និងមានចាត់វិធានការឆ្លើយតបជាក់លាក់នៅតាមអង្គភាព និងយុទ្ធសាស្រ្តនីមួយៗ ព្រមទាំងលើកទឹកចិត្ត គិតគូរ និងជំរុញឱ្យមានវិធាន ការប្រកបដោយសមធម៌ នៅក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ក្រសួងពី ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីណា បានមានប្រសាសន៏ថាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាសកម្មភាព និងវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់សាធារណៈជន និងសហគមន៍ ដើម្បីឱ្យជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានទៅលើស្ត្រី និងក្មេងស្រី។By:SamNeang