ស្ទឹងត្រែងៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំក្បាលរមាសស្រុកសេសាន នៅថ្ងៃទី៩ វិច្ឆកា ២០២២ នេះបានឃាត់ខ្លួនជនដៃដល់ជាឪពុកម្នាក់ក្រោយវាយប្រពន្ធបណ្តាលអោយរងរបួសធ្ងន់និងអាករសម្លាប់កូនខ្លួនឯងបណ្តាលអោយស្លាប់នៅលើផ្ទះ រួចជនដៃដល់បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជិវិតខ្លួនឯងតែមិនស្លាប់។
ករណីនេះបានកើតឡើងនៅភូមិស្រែស្រណុកថ្មីឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសបានឲ្យដឹងថា ក្រោយមានករណីឃាតកម្មកើតឡើងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះកន នី អាយុ ៣៧ ឆ្នាំជាជនដៃដល់។
សមត្ថកិច្ចបានឲ្យដឹងទៀតថាពីដំបូងជនសង្ស័យឈ្មោះ កន នី បានបង្កជម្លោះជាមួយប្រពន្ធឈ្មោះខេង ខំចាន់ អាយុ ៣៩ ឆ្នាំ ហើយបានវាយប្រពន្ធឱ្យរងររបួសធ្ងន់ត្រូវគេបញ្ជូនទៅមណ្ឌលសុខភាពស្រែពកដើម្បីសង្គ្រោះជីវិត។ នៅបន្ទាប់ពីបង្កហិង្សាជាមួយប្រពន្ធរួចមក ជនដៃដល់ បានយកកូនប្រុសឈ្មោះ នី វុធ អាយុ៧ ឆ្នាំ ឡើងទៅសម្ងំនៅក្នុងផ្ទះ ហើយយកកាំបិតផ្គាក់អារកកូនប្រុសខ្លួនឯងស្លាប់នៅលើផ្ទះ។បន្ទាប់មកជនសង្ស័យបានយកកាំបិតដដែលនោះមកអាករខ្លួនឯងប្រុងបញ្ចប់ជីវិតខ្លួន ប៉ុន្តែមិនស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនតែម្ដង។
នៅក្រោយកម្លាំងនគរបាលផ្នែកជំនាញស្រុកសេសាននៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះកំពុងកសាងសំណុំរឿងឃាតកម្មឪពុកសម្លាប់កូនខ្លួនឯងយ៉ាងព្រៃផ្សៃទៅតាមនីតិវិធីនៃច្បាប់។