(ខេត្តកែប)៖ កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមការដឹកនាំអង្គប្រជុំដោយ ឯកឧត្តម អ៊ុក សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្ដីទី រួមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅព្រឹកនេះ បានលើកយកនូវរបៀបវរៈចំនួន ០៥ មានដូចជា៖
១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ។
២.ពិនិត្យ និងអនុម័តសេចក្ដី ព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។
៣.សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយ គណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៤ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្ដិទី៤។
៤.ពិនិត្យ និងអនុម័តលើសេចក្ដី ព្រាងរបាយការណ៍ បូកសរុបលទ្ធផល ការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅ អនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត ។និងទី៥.បញ្ហាផ្សេងៗ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្ដីទី បានលើកឡើងនៅចំណុចមួយចំនួន ក្នុងរបៀបវារៈផ្សេងថា៖ ខេត្តកែបនិងមានការរៀបចំប្រារព្ធពិធីធំៗ ចំនួន២ នៅក្នុងខែវិឆ្ឆិការខាងមុខនេះគឺ ១.ការរៀបចំពិធីបុណ្យឯករាជ្យ ៩វិច្ឆិកា ដែលខេត្តកែប និងប្រារព្ធធ្វើនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារសម្ដេចតេជោវិមានឯករាជ្យខេត្តកែប,
២. ពិធីដាក់សម្ពោធផ្លូវប្របមាត់សមុទ្រដែលបានប្រសិទ្ធនាមថា វិថីតេជោសន្ដិភាពឆ្នេរអង្កោល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត កំពុងមមារញឹក កែលំល្អរសោភ័ណ្ឌភាព រៀបចំសណ្ដាប់ធ្នាប់ សាធារណៈ នឹងត្រៀមទីតាំងអោយបានល្អក្នុងការទទួលសម្ដេចធិបតីដែលនឹងអញ្ជើញមកសម្ភោធក្នុងពិធីនេះ។
ឯកឧត្តម អ៊ុក សាខន សមាជិក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ទាំងការងារជាកាតាព្វកិច្ច ដែលជាភារកិច្ចស្នូល ក៏ដូជាការអនុវត្តមុខងារជាជម្រើសជាច្រើន ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនខេត្តកែប បានយ៉ាងល្អប្រសើរ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើរ ដល់គណៈអភិបាលខេត្ត ក៏ដូចជាមន្ត្រីក្រោមឱវ៉ាត បន្ដខិតខំបំពេញការងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយខេត្តកែបកាន់តែមានការអភិវឌ្ឍ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទសចរណ៍ជាតិ និងអន្ដរជាតិ នាពេលខាងមុខបន្ដទៀត។
សូមបញ្ជាក់ថាអង្គប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្ដិទី៤ បានសម្រេចអនុម័ត១០០% ទៅលើរបៀបវារៈដែលបានលើកឡើង និងបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រជុំ សាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕ ដោយលោក សេង ណារិទ្ធ