(ខេត្តកំពត)៖ នេះជាសមិទ្ធផលសម្រាប់ វិស័យទេសចរណ៍យ៉ាងថ្មី សន្លាងមួយបន្ថែមទៀត បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាធំ ហើយខ្ពស់ជាងគេ ក្នុងខេត្តកំពត ដែលមានមុខកាត់ អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងមានកម្ពស់ ៣៥ម៉ែត្រ ត្រូវបានលើកបំពាក់ មុខនាឡិកាហើយ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ ពីសំណាក់ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
តាមការអោយដឹងពីមន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹង រួចរាល់នៅក្នុងថ្ងៃនេះ។ មន្ត្រីជំនាញបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពត កាន់តែមានភាពទាក់ទាញ ភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត ក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកា នេះគឺជាសមិទ្ធផលទេសចរណ៍ ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុង មានភាពល្បីល្បាញ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្ដម ម៉ៅ ធនិន ខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេសឯកឧត្តមអភិបាលខេត្តបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ។
ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលខេត្ត កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា នៅពេលខាងមុខខេត្ត នឹងបង្កើតអោយមាន ឆ្នេរសមុទ្រកម្សាន្តមួយបន្ថែម ទៀតបន្ទាប់ពីនាឡិកាខ្ពស់ និងធំជាងគេនេះ ហើយដើម្បីសម្រួល ដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការ ធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្តគ្រោងនឹងសាងសង់ ស្ពានឆ្លងព្រែកកំពង់បាយ មួយបន្ថែមទៀត៕ដោយលោក សេង ណារិទ្ធ