(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យ ដំណើរការសាង សង់ជួសជុលផ្លូវ លេខ១៣៣៣ ចាប់ពីរង្វង់មូលនាងគង់ហ៊ីង ភ្ជាប់មកផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើត វិទ្យាល័យបុនរ៉ានី ហ៊ុនសែន ចំការដូង។
ក្នុងដំណើចុះពិនិត្យនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បាន ដឹកនាំមន្ត្រីរាជការ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ ដាំកូនក្ងោកអម សងខាងផ្លូវត្រង់ចំណុចអូក្តូង ផ្លូវបំបែកភូមិ អន្ទង់សរ ស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ដើម្បីលំអសោភ័ណភាពផ្លួូវ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានធ្វើរបាយការណ៍បញ្ជាក់ថា កំណាត់ផ្លូវ១៣៣៣នេះ ចាប់ផ្តើមដំណើរការជួសជុស ចាក់កៅស៊ូDBST ចាប់ពីឆ្នាំ២០១៧ ដោយធ្វើការជួសជុល ជាកំណាត់ៗជារៀងរាល់ឆ្នាំ មកដល់ពេលនេះ បានប្រមាណ៨គីឡូម៉ែត្រហើយ ដោយឡែកនៅសល់ ៣គឺឡូម៉ែត្រទៀត ដែលគ្រោងនឹង ជួសជុលបង្ហើយនៅឆ្នាំ២០២៥ ភ្ជាប់ទៅផ្លូវជាតិលេខ៣៣ ។ លោកប្រធានមន្ទីរ បន្ថែមថាសម្រាប់ កំណាត់ផ្លូវដែល បានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាកសញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួមទំាង សំណង់សិល្ប:ការ្យអម ជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែងជាង៣០០០ម៉ែត្រ។
មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសំដែងនូវអំណរសាទរ ចំពោះសមិទ្ធផលផ្លូវកៅស៊ូ ដ៏ថ្មីស្រឡាង ជាចំណងដៃជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ចំការចេក ភូមិចំការបី និងភូមិអន្ទង់សរ បើទោះបីពុំទាន់ ហើយជាស្ថាពរ តែក៏បានរួម ចំណែកយ៉ាងសំខាន់ក្នុងការ សម្រួសដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលមកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន ឬមន្ទីរពេទ្យកាន់តែងាយស្រួលជាពិសេស ជាសរសៃឈាមតភ្ជាប់ វិស័យទេសចរណ៍ ឆ្នេរសមុទ្រ មកកាន់តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ដ៏សំខាន់នៃតំបន់ ភ្នំវល្លិ៍នេះ ដែលវានឹងជួយលើកស្ទួយសេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅ របស់បងប្អូនកាន់តែល្អ ប្រសើរថែមទៀត។
ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តក៏បានជំរុញ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សា ដើមឈើដែលបានដាំអមសងខាងផ្លូវ ដោយជួលជុលដាំបន្ថែម នៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាល ពិសេសជួយទាក់ទាញភ្ញៀវទេសចរណ៍ មកសំរាកលំហែកម្សាន្តនៅខេត្តកែប អោយកាន់តែច្រើនឡើងថែមទៀត។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បាន ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនបងប្អូនប្រជាពលរដ្ឋ ដូចជាក្រមា និងថវិកាមួយចំនួនផងដែរ៕ ដោយលោក សេង ណារិទ្ធ