រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ!

ខេត្តស្ទឹងត្រែង÷ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រសួងមុខងារសាធារណៈ និង រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមអធិបតីភាពឯកឧត្តម .ជុក មុន្នី. រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូក្រសួង និងលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ គណៈអភិបាលក្រុង-ស្រុក លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារនៃមន្ទីរមុខងារសាធារណៈផង  ដែរ។

មានប្រសាសន៍ស្វាគមន៍ក្នុងអង្គពិធី ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ សម្រាប់ការអនុវត្តន៍នូវលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការផ្ដល់ទិដ្ឋាការ សម្រាប់ការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការ ស៊ីវិលនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែច្បាស់លាស់ និងអនុវត្តបានល្អប្រសើរនូវនីតិវិធីដែលបានដាក់ចេញ។

ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលបានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រាមជាតិ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្រ្តីរាជការ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗទៀត និងងាយស្រួលយកទៅអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាព និងតម្លាភាពខ្ពង់ផងដែរ។

មានប្រសាសន៍ បើកកិច្ចប្រជុំផ្សព្វផ្សាយ ឯកឧត្តម .ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តន៍ច្បាប់ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលបាន ដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា និងកែសម្រួលនូវប្រព័ន្ធដឹកនាំការងារ ការគ្រប់គ្រងនិងនីតិវិធីនៃការបំពេញកិច្ចការងារនៅថ្នាក់ក្រោមជាតិ ដោយផ្អែកលើគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ជាក់ស្តែងការងារបុគ្គលិកនេះគឺមានសារសំខាន់ដើម្បីលើកទឹកចិត្ត និងការពារផលប្រយោជន៍ ស្របច្បាប់របស់មន្ត្រីរាជការ ពីព្រោះមន្ត្រីរាជការគឺជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍប្រទេសជាតិទាំងមូល។

ឯកឧត្តម.ជុក មុន្នី បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយនេះក្នុងគោលដៅជំរុញអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណផលខ្ពស់ក្នុងការគ្រប់គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង-ស្រុក ស្ថាប័នជុំវិញខេត្ត បានអនុវត្តតាមច្បាប់  និងលិខិតបទដ្ឋានគតិយុត្តទៅតាមលក្ខន្តិក:ពិតប្រាកដនិងត្រឹមត្រូវ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *