(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរដាក់វិធានការក្តៅ ចុះរុះរើស្លាកយីហោ ឬផ្ទាំងប៉ាណូដែលផ្សព្វផ្សាយពីល្បែងអនឡាញខុសច្បាប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉េត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុងសហការជាមួយសង្កាត់ ភូមិ ប្រជាការពារ បានចុះរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់ ផ្ទាំងប៉ាណូដ៏ធំៗចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ប៉ាណូល្បែងភ្នាល់អនឡាញ 789BET និងប៉ាណូ Askmebet.co។
ក្រោយពីឃើញមានការរុះរើផ្ទាំងប៉ាណូដែល ផ្សព្វផ្សាយល្បែងភ្នាល់ គ្នាតាមប្រព័ន្ធអនឡាញ ដែលដាក់សំញែង នៅលើផ្លូវជាតិលេខ៥ មុខច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បង្ហាញភ្ញៀវជាតិ និងអន្តរជាតិនេះ ប្រជាពលរដ្ឋសំដែងការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរុះរើរបស់ អាជ្ញាធរដែលជះឥទ្ធិពល មិនល្អដល់សង្គម។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉េត បានបញ្ជាក់ថា ការរុះរើផ្ទាំងប៉ាណូល្បែងអនឡាញខុសច្បាប់នេះ មិនត្រឹមតែរុះរើនៅលើផ្ទាំងប៉ាណូនោះទេ សំខាន់ឲ្យតែឃើញនៅកន្លែងក៏ដោយត្រូវមានវិធានការរុះរើ ឬបកចេញទាំងអស់ មិនអនុញ្ញាតិឲ្យមានការ ផ្សព្វផ្សាយនៅក្នុង ប៉ោយប៉ែតនោះទេ៕