(ភ្នំពេញ)៖ សន្និសីទសារព័ត៌មាន លើកទី២ របស់ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើងនា រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ជាវាគ្មិនពីសំណាក់លោក ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និង សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសការរឹតបន្តឹង ច្បាប់ចំពោះអ្នកបើកបរ នៅពេលយប់ គឺជាប្រធានបទស្នូល ហើយក្នុងឱកាសនោះវាគ្មិន ក៏បានឆ្លើយឆ្លងសំណួរ និងចម្លើយជាមួយ អ្នកសារព័ត៌មានអំពី ប្រធានបទពាក់ព័ន្ធ ចំនួន៥ផងដែរ។
ថ្លែងបើកសន្និសីទ សារព័ត៌មាននាឱកាសនោះ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថាសន្និសីទសារនេះ មានគោលដៅលើក កម្ពស់ប្រសិទ្ធភាពនៃ ការផ្សព្វផ្សាយសារព័ត៌មាន និងសាធារណមតិ ស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយដែលក្នុង នាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការយក ចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការងារ នេះមានភាពសកម្ម និរន្តភាព និងប្រកបដោយប្រសិទ្ធភាព។
បណ្ឌិត ទូច សុឃៈ បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា សន្និសីទសារព័ត៌មានដែល ផ្ដោតលើការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនេះ នឹងរួមចំណែក ធ្វើឱ្យសាធារណជន យល់ដឹងកាន់តែច្បាស់ អំពីសមិទ្ធផល គោលដៅ និងគោលបំណង នៃការអនុវត្តច្បាប់ របស់នគរបាលចរាចរណ៍ គឺការធ្វើឱ្យពលរដ្ឋកាន់ តែយល់ដឹងអំពីបញ្ហាចរាចរណ៍ ដើម្បីឈានទៅធ្វើឱ្យ អត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែត្រូវបានកាត់បន្ថយ ហើយវេទិកានេះ ក៏ផ្ដល់ឱកាសឱ្យ អ្នកសារព័ត៌មានបានឆ្លើយឆ្លង សំណួរចម្លើយដោយផ្ទាល់ ជាមួយវាគ្មិនផងដែរ។
លោកឧត្តមមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និង សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានរៀបចំសន្និសីទសារព័ត៌មាន ផ្ដល់ឱកាសឱ្យអគ្គស្នងការដ្ឋាន រម្លឹកនិងបញ្ជាក់អំពី ការងារសុវត្ថិភាពចរាចរណ៍ជូន សាធារណជន ពិសេសផែនការសកម្មភាព ស្ដីពី ការរឹតបន្តឹងការអនុវត្ត ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤-២០២៧ និងតុល្យការណ៍ចុង ក្រោយនៃស្ថានភាពសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា រួមទាំងការរឹតបន្តឹងការ បើកបរនៅពេលយប់។
គួរកត់សម្គាល់ថា ការឆ្លើយឆ្លងរវាង អ្នកសារព័ត៌មាន និងវាគ្មិន នាឱកាសសន្និសីទ សារព័ត៌មាននោះ បានផ្ដោតលើបញ្ហាសំខាន់ៗជាអាទិ៍ ការរឹតបន្តឹងច្បាប់នៅ ពេលយប់នឹងនៅតែ បន្តឬដកថយ? បទពិសោធន៍និង បញ្ហាប្រឈនៃការអនុវត្ត ច្បាប់នៅពេលយប់! ការបែងចែកប្រាក់ផាក ពិន័យតាមគោលការណ៍ច្បាប់! សិស្សធ្វើដំណើរទៅទទួលការ អប់រំដោយកាន់ទម្លាប់ មិនគោរពច្បាប់ចរាចរណ៍ និងការដាក់គោលដៅ និងការប្ដេជ្ញាចិត្ត របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ចំពោះស្ថានភាព ចរាចរណ៍នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ?
សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាន របស់ក្រុមអ្នកនាំ ពាក្យក្រសួងមហាផ្ទៃ នឹងរៀបចំឡើងជាបន្តបន្ទាប់ ដោយផ្ដោតលើប្រធានបទសំខាន់ៗ ក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ និងមានការពាក់ព័ន្ធផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ ក៏ដូចជានិន្នាការរួមរបស់សង្គម។ សន្និសីទនេះ សហការគាំទ្រផ្នែកបច្ចេកទេស ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ វាគ្មិនសំខាន់ៗ នៃសន្និសីទ នឹងមានការអញ្ជើញចូល រួមទាំងពីកម្រិតអង្គភាព ចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ៕