(ខេត្តបន្ទាយមានជ័យ)៖ យោងតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា អ្នកសារព័ត៌មានម្នាក់ត្រូវបាន កម្លាំង អន្តរាគមន៍ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការ ដកហូតទូរស័ព្ទ និង ចាប់ព័ទ្ធដៃទៅក្រោយ ហើយ ចាក់ខ្សែរួតពណ៌.ស រួច ញាត់ដាក់ចូលរថយន្ត យកទៅ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពយើងទើបទទួលបាន នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ។
ប្រភពបន្តឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន អ្នកសារព័ត៌មាន គឺ ខណៈអ្នកសារព័ត៌មានរូបនេះ រួមជាមួយ អ្នកសារព័ត៌មាន ដទៃទៀត កំពុង បំពេញតួនាទី ភារកិច្ច តាមវិជ្ជាជីវៈ ថត ផ្តិត យករូបភាព កម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាប ជនបរទេស (ជនជាតិឥណ្ឌូនេស៊ី) ចំនួន ពីរក្រុម ដែលបាន វាយ ប្រតាយប្រតប់ គ្នា កាលពីវេលាម៉ោង ៤: ៣០នាទី ជិតភ្លឺ នៅចំនុចខាងក្រោយ ហ្គោលដិនស្ទូចត្រី ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឈានចូលព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ។
យោងតាមប្រភពឲ្យដឹងទៀតថា កម្លាំង អន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការ ឃាត់ខ្លួន ជនបរទេស បានជាង ៤០នាក់ យកទៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និង អនុវត្តន៍តាមនីតិវិធី ។
ចំពោះការឃាត់ខ្លួនអ្នកសារព័ត៌មាន ខណៈកំពុងបំពេញតួនាទី តាមវិជ្ជាជីវៈ ដោយ ថត និង ផ្តិតយករូបភាព ពីសកម្មភាព របស់សមត្ថកិច្ច ចុះបង្រ្កាបជនបរទេស ដែលបានប្រើប្រាស់ហឹង្សាដាក់គ្នានេះ ត្រូវបានអ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត លើកឡើងថា ទង្វើមួយនេះ គឺជាការ រឹតត្បិត និង ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសគ្នាយ៉ាងដាច់ស្រឡះ បើប្រៀបធៀប ជាមួយ អាជ្ញាធរ និង សមត្ថកិច្ច រាជធានីភ្នំពេញ គឺ សហការជាមួយ អ្នកសារព័ត៌មាន ផ្ដល់តំលៃ និងគោរពសិទ្ធិ យ៉ាងពេញលេញ មិនធ្វើការហាមឃាត់ ឬ ចាប់ខ្លួនអ្នកសារព័ត៌មាន ដូចនៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះឡើយ ។
ជុំវិញករណីដូចខាងលើ នៅវេលាម៉ោង ១០ និង ២៦ នាទី ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទេ ដោយទូរស័ព្ទ របស់លោក ខលចូលចំនួន ២ដង តែគ្មានអ្នកទទួល ។
ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលសមត្ថកិចឃាត់ខ្លួនអ្នកសារព័ត៌មានយកទៅសួរនាំ។
ដូច្នេះ អង្គភាពសារព័ត៌មាន យើង រង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ។ ជាចុងបញ្ចប់ សូមអំពាវនាវ ដល់ ស្ថាប័ន មានសមត្ថកិច្ច សូមផ្តល់តំលៃ និង គោរពសិទ្ធិ អ្នកសារព័ត៌មាន ផង ព្រោះ អាជ្ញាធរ និង សមត្ថកិច្ច ព្រមទាំង អ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត និង ទូទាំងប្រទេស សុទ្ធតែបំរើការងារ រួម ដើម្បីផលប្រយោជន៍ ជាតិ ដូចគ្នា តែប៉ុណ្ណោះ ៕
ដោយក្រុមការងារប្រឆាំង ព័ត៏មានក្លែងក្លាយក្រុងប៉ោយប៉ែត