ស្ទឹងត្រែងៈ នៅក្នុងបរិវេណតារាងបាល់ទាត់ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២នេះ អង្គការភ្លែនអន្តរជាតិកម្ពុជាបានប្រារព្ធខួប២០ឆ្នាំនិងអបអរសាទរទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លោកទាវ គត់ ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.ក ខេត្ត និងលោកស្រី គ្វីននេត វ៉ង នាយិការប្រចាំប្រទេសកម្ពុជា របស់អង្គការភ្លែនអន្តរជាតិកម្ពុជា។
លោកស្រី គ្វីននេត វ៉ង បានលើកឡើងថា ក្នុងរយៈពេល២០ ឆ្នាំមកនេះអង្គការភ្លែនអន្តរជាតិកម្ពុជាបានខិតខំប្រឹងប្រែងបំពេញតួនារីភារកិច្ចរបស់ខ្លួនយ៉ាងច្រើនទាក់ទងនឹងក្មេងស្រី និងកុមារដែលជាការងារសំខាន់សម្រាប់ក្មេងស្រីនិងស្ត្រីវ័យក្មេងក៏ដូចជាក្មេងប្រុសនិងបុរសវ័យក្មេងដើម្បីបានយល់ដឹងពីភាពជាអ្នកតំណាងរបស់ស្ត្រីនៅគ្រប់កម្រិតនៃស្ថាប័នរដ្ឋាភិបាលនិងតួនាទីដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតព្រមទាំងបានមើលឃើញនូវទិដ្ឋភាពនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
លោកស្រីបានសម្តែងមោទនៈភាពក្នុងការចូលរួមជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាដើម្បីគាំទ្រកុមារនិងយុវជនជាពិសេសក្មេងស្រីនិងស្ត្រីវ័យក្មេងឲ្យទទួលបានសិទ្ធិមានសុខភាពអាហារូបត្ថម្ភល្អនិងគាំពារនិងអភិវឌ្ឍកុមារតូចសិទ្ធិទទួលបានការរស់នៅមិនមានអំពើហិង្សាការរំលោភបំពានការកេងប្រវ័ញ្ចនិងការមិនយកចិត្តទុកដាក់សិស្សទទួលបានការអភិវឌ្ឍទាំងជំនាញទន់និងរឹងនិងសិទ្ធិទទួលបានចំណេះដឹង។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែងបានថ្លែងអំណរគុណអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលតែងតែ សហការយ៉ាងល្អជាមួយ រដ្ឋបាលខេត្ត មន្ទីរវិស័យនានាជុំវិញខេត្ត អាជ្ញាធរពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ ចូលរូមក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ យុវជន និងជនងាយរងគ្រោះទាំងអស់ នៅក្នុងស្រុកគោលដៅរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន និងពេលខាងមុខទៀត។
អង្គការភ្លែនអន្តរជាតិកម្ពុជា ជាដៃគូរដ៏សំខាន់មួយដែលបានរួមចំណែកយ៉ាង សកម្មក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ នៅតំបន់ដាច់ស្រយ៉ាលក្នុងសហគមន៍ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិសេសការ កៀងគរយុវជន ចូលរួមយ៉ាងផុសផុលជាមួយនិងការងារសង្គមដើម្បីអភិវឌ្ឍភូមិឃុំរបស់ពួកគេ រួម ទាំងការឆ្លើយតបទៅនិង គ្រោះមហន្តរាយ ជាពិសេសជម្ងឺរាតត្បាតកូវីដ១៩ថ្មីៗនេះ។
ឯកឧត្តម អភិបាលរងខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការ ដៃគូរួមគ្នាបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ពន្ធ័សំខាន់ៗដើម្បីកាត់បន្ថយអាពាហ៍ ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ នឹងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ អាហារ រូបបឋមតាមរយៈយុទ្ធសាស្ត្របង្ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យ ជំទង់ បន្តការអប់រំ នឹងធ្វើយុទ្ឋនាការណ៍ទៅដល់ម្តាយដែលពរពោះ និងមានកូនអាយុក្រោម ៣ឆ្នាំឲ្យ យល់ដឹង និងអនុវត្តជាប្រចាំទៅលើអាហាររូបឋមឱ្យមានប្រសិទ្ធភាពដើម្បីលើកកំពស់សុខមាលភាព កុមារឲ្យមានការលូតលាស់ល្អ និងរាប់បញ្ចូលទាំងការលប់បំបាត់ការបោះបង់ចោលការសិក្សា វ័យក្មេង ពង្រឹងសេវាសុខភាពមាតា និងទារក ការគាំទ្រការប្រឹក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រិនឬឱកាសការងារ។
គួរបញ្ជាក់ផងដែរថានៅក្នុង ខួប២០ឆ្នាំអង្គការភ្លែនអន្តរជាតិកម្ពុជានិងអបអរសាទរទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២២ក៏មានជាការរៀបចំស្តង់បង្ហាញពីវឌ្ឍភាពនៃការអនុវត្តការងាររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងការប្រកួតបាល់ទាល់ជាលក្ខណៈមិត្តភាពផងដែរ៕