អត្ថបទ រូបភាព ដោយៈ សេង ណារិទ្ធ
ខេត្តកែប: នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ទិត សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សុខ វណ្ណា តំណាងអង្គការ UN-Habitat បានអញ្ជើញកាត់ខ្សែបូរប្រគល់ផ្ទះចំនួន4ខ្នង ជូនប្រជាពលរដ្ឋក្នុងភូមិអូរដូង ឃុំពងទឹក និងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីប្រតិភូអមដំណើរ ឯកឧត្ដមអនុរដ្ឋលេខាធិការ អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។
មានមតិស្វាគមន៍ក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ នាពេលនោះ លោកស្រី ទិត សុខា បានលើកឡើងថា៖នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋនៅភូមិអូរដូង និងភូមិអំពេងដែលទទួលបានផ្ទះគំរូធននឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង UN-Habitat ចំនួន៤ខ្នង ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ធំធេងមួយផ្នែកទៀតរបស់រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតក្នុងការសាងសង់លំនៅឋាន ថ្នាក់ដឹកនាំខេត្ត តែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយទាន់ពេលវេលា។
លោក សុខ វណ្ណា តំណាងអង្គការ UN-Habitat មានប្រសាន៍ថា៖ការសម្រេចបានជាសមិទ្ធផលផ្ទះគំរូជូនប្រជាពលរដ្ឋនាថ្ងៃនេះគឺដោយបានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរ ឃុំ សង្កាត់ ដែលជួយជ្រុំជ្រែងរហូតសម្រេចបានជាលទ្ធផល១០០% លោកបញ្ជាក់ថា គម្រោងនេះបានធ្វើរយៈពេល៤ឆ្នាំមកហើយ ទាំងការផ្សព្វផ្សាយ ការអប់រំ និងការអន្តរាគមន៍ផ្សេងៗទៀត ហើយលំនៅឋាននេះជាផ្នែកមួយនៃគម្រោង ចំពោះគម្រោងនេះនិងត្រូវបញ្ចប់នៅឆ្នាំ២០២៥។
មានប្រសាសន៍លេីកឡេីងនាឱកាសនោះ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា៖ នេះជាគោលបំណងមួយក្នុងការចូលរួមលើកកម្ពស់ការបន្ស៊ាំនិងភាពធនទៅនឹងការប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមតំបន់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា ហើយថ្ងៃនេះ ឯកឧត្តម ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្ទះចំនួន៤ខ្នងជាមួយបងប្អូនប្រជាពលរដ្ឋ ដោយភាពរីករាយ។ ឯកឧត្តម ក៏សូមរំលឹកដល់ប្រជាពលរដ្ឋទាំង៤គ្រួសារដែលទទួលបានផ្ទះគំរូនេះ ត្រូវចេះថែរក្សា សម្អាត អនាម័យទាំងក្នុងនឹងក្រៅផ្ទះអោយបានល្អស្អាត ជាការរក្សាផ្ទះគំរូនេះអោយបានយូរអង្វែងផង និងដើម្បីសុខភាពនៃការរស់នៅក្នុងក្រុមគ្រួសាររៀងៗខ្លួនផង៕