អត្ថបទ រូបភាព ដោយៈសេង ណារិទ្ធ
ខេត្តកែប: បន្ទាប់ពីទីផ្សារដំឡូងជ្វាមានតម្លៃទាបរយ:ពេលកន្លះឆ្នាំមកនោះ ស្រាប់តែពេលនេះតម្លៃដំឡូងជ្វាបែរជាមានហាងឆេងឡើងវិញ ទើបជំរុញអោយបងប្អូនប្រជាកសិករក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នាំគ្នាសំរុកដាំដំឡូងជ្វាយ៉ាងផុសផុល។
បានជួបជាមួយពលរដ្ឋដែលនិយមដាំដំឡូងទាំងខួបប្រាំង,វស្សា បានអោយដឹងថា រយ:ពេលជិតកន្លះឆ្នាំហើយដែលដំឡូងជ្វាពុំសូវមានហាងឆេង ពោលគឺពិបាករកម៉ូវទិញណាស់។ពេលប្រមូលផលបានហើយ ទោះតិចឬច្រើនក៏លក់បានតម្លៃថោកដែរ ដោយក្នុង១គីឡូក្រាមលក់បានត្រឹមតែ៨០០៛ ទៅ១០០០៛ ប៉ុណ្ណោះ។គាត់បានបន្តថា ក្នុងតម្លៃខាងលើពេលលក់បានលុយ បានត្រឹមតែយកមកទូទាត់កម្លាំងពលកម្មនិងតម្លៃជីប៉ុណ្ណោះ គឺគ្មានប្រាក់សេសសល់សម្រាប់ដោះស្រាយជីវភាពគ្រួសារនោះឡើយ។
ពួកគាត់បានបញ្ជាក់ទៀតថា ទោះបីកន្លងមកដំឡូងលក់មិនសូវបានថ្លៃ ប៉ុន្តែគាត់នៅតែនាំគ្នាបន្តដាំដុះមិនអោយផ្ទៃដីនៅទំនេរទេ ហើយរយ:កាលចុងក្រោយនេះ ស្រាប់តែទីផ្សារដំឡូងជ្វាកំរើកឡើងវិញ ដោយពេលនេះផលដំឡូងត្រូវបានក្រុមឈ្មួញកណ្តាលមកទិញដល់ទីកន្លែង ដោយអោយតម្លៃទៅតាមប្រភេទដំឡូង ដូចជាប្រភេទដំឡូងជ្វាសាច់ក្រហម(ពណ៌ការ៉ុត)ក្នុង១គីឡូក្រាមចាប់ពី១៥០០៛ ទៅ២០០០៛។ដោយឡែកចំពោះដំឡូងសាច់ ស ក៏មានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។
ទោះជារដូវប្រាំងឆ្នាំនេះនៅតាមតំបន់ ភូមិសាស្ត្រនានាទូទាំងប្រទេស ពិសេសភូមិសាស្ត្រខេត្តកែប កំពុងជួបគ្រោះរាំងស្ងួត ព្រោះតែគ្មានភ្លៀងកក់ខែមួយមេ តែបញ្ហាទាំងនេះពុំបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បងប្អូនប្រជាកសិករដែលកំពុងដាំដុះនោះទេ ព្រោះតែនៅតាមភូមិសាស្ត្រខាងលើក៏មានប្រភពទឹកខ្លះៗសម្រាប់ផ្តល់ទឹកយកមកស្រោចស្រពផលដំណាំរបស់ពួកគាត់ផងដែរ។
ជាងនេះទៅទៀត ក្រៅពីការដាំដុះដំណាំរួមផ្សំ ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ក៏មិនដែលភ្លេចនូវទំនៀមទំលាប់នៃការចិញ្ចឹមសត្វ ដូចជាគោ ក្របី ជ្រូក មាន់ ទា សម្រាប់លក់យកកំរ៉ៃ ដែលធ្វើអោយគ្រួសារ និមួយៗក្នុងតំបន់កាន់តែមានជីវភាពធួរធាជាលំដាប់៕