ខេត្តស្ទឹងត្រែងៈកម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងសហការជាមួយគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៦មីនា២០២៤ បានចុះដកហូតត្រីប្រាកែ(ត្រីកែ)ចំនួន៥០kgពីអ្នកលក់ចំនួន៣នាក់នៅផ្សារសាមគ្គីស្ទឹងត្រែងយកទៅដុតកំទេចចោល បន្ទាប់ពីរកឃើញថាត្រីកែទាំងអស់នោះបានត្រូវថ្នាំពុលពីអ្នកនេសាទខុសច្បាប់។
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ស្រីសម វិចិត្រ បានអោយដឹងថានៅបន្ទាប់ពីទទួលបានពត៌មានពីសហគមន៍នេសាទ និងអ្នកពាក់ព័ន្ធ ទាំងតំបន់រ៉ាំសារ ក្នុងសង្កាត់សាមគ្គី ទាំងនៅក្នុងស្រុកសៀមបូកផងនោះ ថាមានករណីបំពុលត្រីខុសច្បាប់រួចនាំយកមកលក់អោយអ្នកទទួលទិញលក់បន្តនៅលើទីផ្សារសាមគ្គីនាព្រឹកថ្ងៃទី២៦មីនានេះ លោកបានចុះទៅពិនិត្យភ្លាមៗនិងបានស្នើសុំកិច្ចសហការជាមួយអ្នកលក់ចំនួន៣ម្ចាស់ ដកហូតត្រីដែលបានត្រូវថ្នាំពុលចំនួន៥០kgយកទៅដុតកំទេចចោលនិងបានណែនាំអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការទិញលក់ត្រីដែលគ្មានប្រភពច្បាស់លាស់ឬបានមកពីការនេសាទខុសច្បាប់ជាដាច់ខាត។
លោកនាយខណ្ឌបន្តថារហូតមកដល់ពេលនេះនៅមិនទាន់មានបញ្ហាដល់ប្រជាជនណាមួយដែលបានទិញយកទៅទទួលទានបរិភោគអ្វីនោះទេ ហើយត្រីពុលខាងលើនេះ បើយើងហូបទៅវាអាចប៉ះពាល់ដល់សុខភាពយើង បើវាមិនពុលខ្លាំងតែវាអាចប៉ះសុខភាពដល់ថ្ងៃក្រោយ ហើយបើវាពុលខ្លាំងវាធ្វើឲយើងរាគរូសជាដើម។
លោកបញ្ជាក់ថាតាមបទពិសោធន៍និងការវះពោះត្រីដែលត្រូវថ្នាំពុលនោះ ជំហានដំបូងលោកបានសន្និដ្ឋានថា ជាទូទៅនាពេលកន្លងមកអ្នកដាក់ថ្នាំពុល បានយកបាយដំណើប ត្រីល្អិតៗ ក្តាម ជាដើមទៅលាយជាមួយថ្នាំពុល ឬថ្នាំសម្លាប់សត្វល្អិត រួចបោះចូលទៅទន្លេអោយត្រីវាស៉ី ហើយនៅពេលត្រីវាស៉ីវានិងងាប់រួចអណ្តែតឡើងលើផ្ទៃទឹក ដើម្បីងាយស្រួលចាប់យកទៅលក់។ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦មីនានេះកម្លាំងរដ្ឋបាលជលផលបានវះទៅលើត្រីកែប្រម៉ាណ៥០kg រកឃើញសុទ្ធតែត្រីកង់ៗគួបផ្សំទៅការរាយការណ៍ផងនោះទើបយើងសន្និដ្ឋានថាត្រីទាំងអស់នោះបានត្រូវថ្នាំពុល ហើយដកហូតយកទៅដុតកំទេចចោលតែម្តង។
លោកនាយខណ្ឌជលផល បានអំពាវនាវ ដល់បងប្អូនអាជីវករទាំងអស់មេត្តាកុំទិញត្រីដែលមិនដឹងប្រភពពីការនេសាទ បើសិនជាបានមកពីការនេសាទស្របច្បាប់នោះពិតជាមិនអីទេ តែបើសិនជាបានមកពីការនេសាទខុសច្បាប់ ដូចជាការបំពុល ឆក់ ឬបានមកពីការបំផ្ទុះ សូមកុំទទួលទិញជាដាច់ខាត។
SamNeang