ខេត្តក្រចេះ៖បុរសជាជនជាតិព្នងម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនកាលព្រឹកថ្ងៃទី១៤ ខែមីនា២០២៤ ក្រោយលួចចាក់សាំងដុតប្រពន្ធទាំងរស់នៅលើផ្ទះរបស់ខ្លួនទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៣មីនា ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំជនជាតិពូនងរស់នៅភូមិឃុំកើតហេត្តខាងលើដោយមានសតិមិនប្រក្រតី ។
ប្រភពបន្តថា នៅយប់ថ្ងៃទី១២ ខែមីនា ២០២៤ ជនសង្ស័យកំពុងសម្រាកជាមួយប្រពន្ធ គ្រានោះស្ត្រីជាប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថា៖ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឲ្យជានាដូចគេ កុំឲ្យមានជម្ងឺដូចសព្វថ្ងៃនេះតទៅទៀត។ ភ្លាមនោះឈ្មោះ ឆេះ ផល បានប្រកែកដាច់ខាតមិនព្រមទៅណាឡើយហើយនិយាយថា៖ អញមិនទៅណាទេ? ឯងចង់ទៅៗម្នាក់ឯងចុះ ប្រកែកគ្នាមួយប្រាវរួចមកអ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ លុះដល់វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៣ មីនា ខណៈស្រ្តីជាប្រពន្ធកំពុងដេកលក់ ជនសង្ស័យក៏បានយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតបណ្ដាលឲ្យឆេះរលាកពេញខ្លួនត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ក្រោយប្រព្រឹត្តសកម្មភ្លាមៗនោះភាពជនសង្ស័យក៏បានរត់គេចខ្លួនផងដែរ។
ទាក់ទិនករណីខាងលើនេះក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជន
សង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា២០២៤។
ក្រោយការចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ហើយកេះដែកកេះដុតប្រាកដមែនដោយសារខឹងនាំទៅរកគ្រូខ្មែរស្រោចទឹក ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរវាលខេត្តបន្តនីតិវិធីទៅតុលាការ៕SN