ស្ទឹងត្រែងៈមន្ត្រីក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ខែមីនា២០២៤បានចុះបង្ក្រាបទីតាំងលំនៅដ្ឋានលក់សំណាកសត្វព្រៃមួយកន្លែងស្ថិតនៅភូមិរាជានុកូល២សង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងបន្ទាប់ពីម្ចាស់លំនៅដ្ឋានរូបនោះបានបង្ហោះលក់សំណាកសត្វព្រៃខុសច្បាប់នៅតាមបណ្តាញសង្គមហ្វេសបុក។នៅក្នុងហេតុការណ៏ចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនបុរសជាអ្នកលក់នោះទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីបន្តនិតិវិធី។
យោងតាមរបាយការណ៏ស្តីពីការបង្ក្រាបបទល្មើសខាងលើក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើបានដកវត្ថុតាងរួមមាន កន្ទុយក្ងោក ០១កន្ទុយ ក្រពះប្រម៉ាក្រៀម ០៥ក្រពះ ស្នែងឈ្លោះជាប់ឆ្អឹងក្បាល ១០ស្នែង ស្នែងប្រើស ០៦ដុំ ចង្គូមជ្រូកព្រៃ ៣៦ចង្គូម(ចែ) ក្រចកខ្លាឃ្មុំ ០៤ក្រចក ធ្មេញជ្រូកព្រៃ ៣៨ធ្មេញ ស្វាក្រេសញីរស់ ០២ក្បាល ។
ប្រភពអោយដឹងថាបុរសដែលសមត្ថកិច្ចបាននាំខ្លួនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើនោះត្រូវបានគេស្គាល់ឈ្មោះ អូន រស្មី អាយុ ៣៦ឆ្នាំ និងមានគណនីហ្វេសបុកឈ្មោះ អូន រស្មី និងគណនីហ្វេសបុកមួយទៀតឈ្មោះ វត្ថុស័កសិទ្ធ ស្ទឹងត្រែង គឺតែងតែបង្ហោះលក់ជាសាធារណៈនូវ សំណាក សត្វព្រៃខុសច្បាប់ជាច្រើនប្រភេទ ប៉ុន្តែក្រោយការស៊ើបអង្កេត ទើបកម្លាំង មន្ត្រីក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើឈានដល់ធ្វើការបង្ក្រាបនិងរឹបអូបវត្ថុតាងបទល្មើសខាងលើបាន បើមិនដូច្នោះទេ សំណាកសត្វព្រៃដែលបានមកពីសត្វព្រៃពិតជារលាយហិនហោចអស់ជាក់ជាមិនខាន។
នាយសង្កាត់រដ្ឋព្រៃឈើអូរពងមាន់ លោក ស វុទ្ធី បានអោយដឹងថា ក្រោយបង្ក្រាបបទល្មើសខាងលើជនសង្ស័យបានទទួលបង់ពិន័យតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើចំនួន១៦០៦២០០០(ដប់ប្រាំមួយលានប្រាំមួយម៉ឺនពីរពាន់រៀលគត់)រួចបានអោយជនសង្ស័យត្រលប់ទៅលំនៅដ្ឋានវិញ។SN