(ភ្នំពេញ)៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មករនិយោជិតដែល កំពុងបំពេញការងារក្នុង វិស័យឧស្សាហកម្ម កាត់ដេរមានចំនួនសរុបជិត ៩០ម៉ឺននាក់ ក្នុងនោះស្រ្តីចំនួនជាង ៦៧ម៉ឺននាក់ បានដើរតួនាទីតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមដែល ធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ នេះបេីយោងតាម របាយការណ៍របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ស្រ្តីក្នុងវិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមក្នុងវិស័យ ការងារកាត់ដេរនៅកម្ពុជា ដែលមានរោងចក្រ សហគ្រាសសរុបចំនួនជាង ១,៥៣៩ រោងចក្រ សហគ្រាស ក្នុងនោះស្រីមានចំនួនជាង ៦៧ម៉ឺននាក់ ក្នុងចំនួនកម្មករ និយោជិតសរុបជាង ៨៩ម៉ឺននាក់។ តាមរយៈចំនួននេះ ស្រ្តីបានចូលរួមយ៉ាងខ្លាំង ក្នុងការជួយកម្លាំងពលកម្ម ក្នុងរោងចក្រផ្សេងៗ និងបានប្រមូលថវិកា ជួយដល់ក្រុមគ្រួសាររបស់ ពួកគាត់ផងដែរ។ បន្ថែមពីនេះ ស្រ្តីក៏ជាតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមដែល ធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។
បេីតាមការបញ្ជាក់ពីអ្នកស្រី នីម ថាវី មន្រ្តីចងក្រង នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ក្នុងនាមជាស្រ្តីមួយរូបនៅកម្ពុជា បានមើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ នារីទទួលបានអត្ថប្រយោជន៍ជាច្រើនពី គោលនយោបាយរបស់រដ្ឋាភិបាល ដែលចូលរួមលើកកម្ពស់ សមភាពយេនឌ័រ ជាពិសេសនារីឲ្យទទួលបានឋានៈ តួនាទីនៅក្នុងការចូលរួមបម្រើនៅគ្រប់ៗថ្នាក់។
អ្នកស្រីបានបន្តថា ចំពោះវិស័យកាត់ដេរ កម្មការិនីក៏ត្រូវបានយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំ និងភាគីនិយោជក ដែលតែងតែផ្តល់ឱកាសការងារ និងការឡើងតំណែងជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬការបែងចែកជាភេទ។
ក្រុមកម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ក្រៅពីការងារកាត់ដេរ ស្រ្តីគ្រប់រូបគឺអាចប្រកបមុខរបរ ផ្សេងៗបានដូចគ្នា ដូច្នេះត្រូវហ៊ានសម្រេចចិត្តជ្រើសរើស កិច្ចការខ្លួនឯងផ្ទាល់ និងជួយដល់សង្គម មិនដូចជាពាក្យពីមុនលើកឡើងថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ទៀតនោះទេ ពីព្រោះស្រ្តីជាឆ្អឹងខ្នង ដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍ សង្គមស្មើនឹងបុរសដែរ។
សូមជម្រាបជូនថា ថ្ងៃទី៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែល មហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការ តស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្រាប់អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្នុងគោលបំណង រំលេចអំពីសក្តានុពល និងភាព ចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព៕