(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរជា មួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តកូរ៉េ ដឹកត្រីមួយគ្រឿង ក្នុងល្បឿនលឿនទាំ ងបំពានភ្លើងស្តុប ក្រហមជ្រុលទៅបុក រថយន្តសណ្ដោង ទូរកុងតឺន័រ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យកៀបជាប់ អ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ៧១១ ជួយគាស់ចេញដឹក ទៅសង្គ្រោះភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាល ពីម៉ោង ១នឹង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងទី៣) សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណៃតាំងហ៊ាន អាយុ ៣០ឆ្នាំ ជាអ្នកបើកបរ រស់នៅ ភូមិត្បែងក ឃុំត្បែង ស្រុកស្វាយ ខេត្តកំពង់ធំ (រងរបួសធ្ងន់)។
ប្រភពព័ត៌មានពីបុរសម្នាក់ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត សណ្ដោងទូរកុងតឺន័រ ក្បាលពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-3733 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរចេញ ពីផ្លូវបេតុង ក្នុងទិសដៅពីកើតមក លិចរួចក៏បានបើក ឆ្លងស្តុបខៀវ ខណៈឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្ត កូរ៉េដឹកត្រីមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-3714 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ នឹងបុរសពីរនាក់ទៀត ធ្វើដំណើរតាម បណ្ដោយផ្លូវ ៦០ម៉ែត្រ( ផ្លូវក្រវ៉ាត់ក្រុងទី ៣ ) ក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមក ដល់ចំណុចកើតហេតុស្តុប ផ្លូវបំបែកជាបួន បើកឆ្លងបំពានស្តុបក្រហម ក៏ជ្រុលទៅបុករថយន្ត សណ្តោងទូរកុងតឺន័រ ចំពីជំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្ត ខ្ទេចផ្នែកខាងមុខ រួញចូលគ្នាកៀបជាប់ អ្នកបើកនៅក្នុងរថយន្ត ក្រោយមកត្រូវបាន បងប្អូនប្រជាពលរដ្ឋ ជិតខាងនាំគ្នាជួយ គាស់យកអ្នកបើកបរចេញ ហើយសមត្ថកិច្ចបាន ទាក់ទងទៅខាង ក្រុមសង្គ្រោះបន្ទាន់ ៧១១ឲ្យចុះមកជួយគាស់ និងយកជនរងគ្រោះ ចេញពីក្នុងរថយន្ត ដឹកទៅសង្គ្រោះភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចរាចរណ៍ចុះមក វាស់វែងយករថយន្ត ទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រកចាំដោះស្រាយ គ្នានៅពេលក្រោយ៕