(ខេត្តសៀមរាប)៖ ខេត្តសៀមរាបត្រៀម ចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្ត ជារៀងរាល់ថ្ងៃ ជាពិសេស នៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ ដើម្បីអបអរសាទរ ពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤ ក្រសួងទេសចរណ៍រួមសហការ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ។
ខេត្តសៀមរាបស្ថិតនៅ ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្ត នេះជាទីតាំងនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណ ដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុង ប្រែក្លាយរូបរាងជាក្រុងទំនើប តាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយ វិស័យទេសចរណ៍។
រមណីយដ្ឋានផ្សេងទៀត ដែលនៅក្បែរ ក្រុងសៀមរាបមាន អង្គរធំ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការ លុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានី អង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។
គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជា ត្រូវបានពីប្តូរពីអង្គរទៅ ភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និង ឧដុង្គ និងត្រលប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបាន រកឃើញឡើងវិញដោយ អ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០ ៕