(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែមីនាឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ត្រីជំនាញ បានបន្តចុះត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ និងឃាត់រថយន្ត ដឹកលើសទម្ងន់សរុបចំនួន១០គ្រឿង នៅក្នុងភូមិសាស្រ្ត ខេត្តចំនួន០៣។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្រោមការចង្អុល បង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយាន យន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ ចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ និងឃាត់បានរថយន្ត ដឹកលើសទម្ងន់សរុបចំនួន១០គ្រឿង កាលពីថ្ងៃទី១ខែមីនាម្សិលមិញនេះ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
លោក ផន រឹម បានគូសបញ្ជាក់ថា ក្នុងចំណោមរថយន្ត ដឹកលើសទម្ងន់ទាំង១០គ្រឿង មានលើសក្នុងកម្រិត អនុគ្រោះចំនួន៦គ្រឿង លើសទម្ងន់ត្រូវពិន័យចំនួន៤គ្រឿង និងត្រូវឃាត់ទុក១ឆ្នាំចំនួន ៣គ្រឿង (២គ្រឿងនៅខេត្តកំពង់ស្ពឺ និង១គ្រឿងនៅខេត្តតាកែវ)។ យានយន្តដែលត្រូវ ពិន័យគឺដឹកលើស ទម្ងន់សរុបពី ៧តោន ដល់ ២៩តោន។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូន ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់ វិធានការរឹតបន្តឹង ការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹង ខាងលើយ៉ាងតឹង បំផុតដោយគ្មានការ លើកលែងឡើយ៕