(ខេត្តកែប)៖ ដោយសារស្ថានភាព អាកាសធាតុក្តៅហែង ក្នុងរដូវប្រាំងបានបណ្តាល អោយស្រះ ត្រពាំង អូរ ប្រឡាយ បឹងបួររីងស្ងួត ហួតហែង ពិសេសទឹកក្នុង អាងមេទំនប់ភ្នំវល្លិ៍ ក្នុងស្រុកដំណាក់ចង្អើរ មានស្ថានភាព ស្រកខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ អំឡុងពេលថ្មីៗនេះ រដ្ឋបាលខេត្តកែបបាន ចេញសេចក្តីជូន ដំណឹងមួយ ដោយតម្រូវអោយក្រុម ហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុក ដំណាក់ចង្អើរ ត្រូវផ្អាកការទាញ យកទឹកពីក្នុងអាង មេទំនប់ភ្នំវល្លិ៍ប ណ្តោះអាសន្ន ដោយតម្រូវអោយ ក្រុមហ៊ុនទឹកស្អាត ត្រូវស្វែងរកប្រភពទឹ កផ្សេងមកជំនួស ចាប់ពីថ្ងៃទី៥ខែមីនា ឆ្នាំ២០២៤ នេះតទៅ។
តបតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលខេត្តកែប ក្រុមហ៊ុនទឹកស្អាត នៅស្រុកដំណាក់ចង្អើរ បានសម្រេចកាត់ផ្តាច់ការទាញ យកប្រភពទឹកពីអាង ទំនប់ភ្នំវល្លិ៍ ចាប់ពីពេលនេះផងដែរ ប៉ុន្តែក្រុមហ៊ុនទឹកស្អាត ក៏ពុំទាន់រកបានប្រភពទឹកថ្មី មកជំនួសសម្រាប់ ផ្តល់សេវាប្រើប្រាស់ ដល់អតិថិជនរបស់ខ្លួន បាននៅឡើយ។
លោក ភាគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានប្រាប់អោយដឹងកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ថា ក្រុមហ៊ុនទឹកស្អាតនេះ បាននិងកំពុងផ្តល់សេវាទឹកស្អាតដល់អតិថិជនចំនួន៥១២គ្រួសារ ស្មើនឹង១០%នៃគ្រួសារ សរុបក្នុងភូមិចំនួន ៩/១១ភូមិ នៃស្រុកដំណាក់ចង្អើរ។ ចំពោះការមិនទាន់រក បានប្រភពទឹកថ្មីនេះ បានធ្វើអោយប៉ះពាល់ ដល់ពលរដ្ឋដែល ប្រើប្រាស់ សេវាទឹកស្អាត ជាង៥០០គ្រួសារ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកបន្តថា ក្នុងនាមមន្ទីរជំនាញ លោកបានណែនាំដល់ក្រុមហ៊ុនរបស់ លោកស្រី វង្ស សោភ័ណ ធ្វើការសម្របសម្រួុលជាមួុយនឹងរដ្ឋបាលស្រុកដំណាក់ចង្អើរ និងជូនដំណឹងដល់អតិថិជន អំពីការផ្អាកផ្តល់សេវាទឹកស្អាតនេះ ដោយជីកស្រះ ឬអណ្តូង សម្រាប់ស្តុកទឹក ត្រៀមបម្រុង ពិសេសអាចរៀបចំឯកសារថ្មីជាមួុយនឹងស្ថាប័ន,រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ សម្រាប់រកប្រភពទឹកថ្មីដែលគ្រប់គ្រងដោយអ្នកផ្សេងដែលមានស្រាប់ នៅតំបន់នេះ។
ទាក់ទិននឹងបញ្ហាប្រឈម កង្វះទឹកស្អាតខាងលើ លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប បានបញ្ជាក់ដែរថា ថ្វីដ្បិតអាងទំនប់ទឹកទូទាំងខេត្ត មានការស្រកចុះលឿន យ៉ាងណាក៏ដោយ ប៉ុន្តែពុំមានផលប៉ះពាល់ ដល់ដំណាំរបស់បងប្អូន កសិករនោះទេ ព្រោះនៅតំបន់ ភូមិសាស្ត្រខ្លះក៏ មានប្រភពទឹក អាចស្រោចស្រពដល់ដំណាំ របស់ប្រជាពលរដ្ឋ បានគ្រប់គ្រាន់ផងដែរ៕ ដោយលោក សេង ណារិទ្ធ