(ខេត្តកែប)៖ ក្រោយពីមាន អ្នកនេសាទនៅខេត្តកំពត បានបង្ហោះរូបភាព បង្ហាញពីសកម្មភាព ក្រុមអ្នកនេសាទវៀតណាម លួចឆ្មក់ចូលមកនេសាទ ដោយប្រើឧបករណ៍ល្មើសច្បាប់ ក្នុងដែនសមុទ្រខេត្តកែប តែមន្ត្រីជំនាញគ្មាន ចំណាត់ការបង្ក្រាបនោះមក មន្ត្រីពាក់ព័ន្ធក្នុង ខេត្តកែបបានបញ្ជាក់ អះអាងថា ពិតជាមានករណីដូចការ រៀបរាប់ខាងលើមែន ប៉ុន្តែយើងបង្ក្រាបមិនទាន់បាន ខណ:ទូកនេសាទវៀតណាម បើករត់គេចអស់។
ទាក់ទិននឹងករណីមាន ទូកនេសាទវៀតណាមលួច ចូលមកនេសាទដោយ ខុសច្បាប់នៅសមុទ្រខេត្តកែប លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានប្រាប់អោយដឹង កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ថា ពិតជាមានករណី ទូកវៀតណាមលួចចូល មកមុជ ឆក់ នៅក្នុងដែនសមុទ្រខេត្តកែប ពិតប្រាកដមែន ដោយករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ និងកើត ឡើងបន្តទៀតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លុះមន្ត្រីជំនាញ របស់យើងចេញទៅបង្ក្រាប ទូកនេសាទល្មើសរបស់វៀតណាម បានចាកចេញទៅវិញ បាត់អស់រលីង។
លោកប្រធានបានបន្តថា ករណីទូកនេសាទវៀតណាម ចូលមកនេសាទខុសច្បាប់ នៅដែនសមុទ្រខេត្តកែប មិនមានជាប់រហូតនោះទេ ពោលគឺទូកនេសាទវៀតណាម ទាំងនោះលួចចូលឆ្មក់ នេសាទម្តងម្កាលប៉ុណ្ណោះ ករណីបែបនេះទើប ធ្វើអោយជំនាញរបស់ យើងពិបាកធ្វើការបង្ក្រាប។
ពាក់ព័ន្ធនឹងករណីដដែល លោក ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ របស់រដ្ឋបាលខេត្តកែប បានប្រាប់អោយ ដឹងនៅថ្ងៃដដែលនេះថា បើផ្អែកលើការ អះអាងពីមន្ត្រីជំនាញ គឺទូកនេសាទវៀតណាម តែងតែលួចឆ្មក់ មកនេសាទដោយ ប្រើឧបករណ៍ខុសច្បាប់នៅ ក្នុងដែនសមុទ្រខេត្តកែប របស់យើង ស្ថិតនៅចំណុចខ្សែ បន្ទាត់ព្រំដែនទឹក ប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
លោក ប៊ុន យោង បានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាដែលតែងតែ កើតឡើងបែបនេះ កម្លាំងជំនាញរបស់ យើងមិនបណ្តែតបណ្តោយ អោយទូកនេសាទបរទេស មកបំផ្លិចបំផ្លាញធនធាន ជលផលនៅក្នុងដែនសមុទ្រ ខេត្តកែបបន្ត ទៀតនោះទេ ហើយបើមានករណី បែបនេះទៀតក្រុមជំនាញ របស់យើងនឹងចេញទៅ បង្ក្រាបអោយបានទាន់ ពេលវេលាតែម្តង។
លើសពីនេះយើងបាននិង កំពុងធ្វើកិច្ចការ នេះជាមួយភាគីវៀតណាម ដើម្បីបង្ការទប់ស្កាត់ កុំអោយមានការ លួចឆ្មក់ចូលមក នេសាទដោយខុសច្បាប់ នៅក្នុងដែនសមុទ្រ ខេត្តកែបបន្តទៀត៕ ដោយលោក សេង ណារិទ្ធ