(ខេត្តព្រះសីហនុ)៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែមិនាឆ្នាំ២០២៤នេះ បានបង្ហាញមុខ ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ និងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ) ជាសាធារណៈ ក្រោយ ឃាត់ខ្លួន យកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី មានប្រជាពលរដ្ឋ បានរាយការណ៍ មកសមត្ថកិច្ចថា នៅត្រង់ចំណុច មហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ) មួយបានកើតឡើង បង្កដោយជនសង្ស័យ០១ក្រុម មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែលជាង ១០នាក់ រួចគេចខ្លួនបាត់ ។
ជនរងគ្រោះឈ្មោះ សេង ចាន់ធៀន ហៅ តាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សម្ភារបាត់បង់ ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពត 1U-8196 ។
បន្ទាប់ពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតវេលាម៉ោង ២១និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់ បានចំនួន២៣នាក់ ស្រីចំនួន០៦នាក់ ក្នុងកិច្ចប្រតិបត្តិការ ដែលអាចពាក់ព័ន្ធ ករណីខាងលើ រួចបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ។
ក្រោយពីធ្វើការសាកសួរ និងការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ ឃើញថាក្នុងចំណោម ជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់បាន មានជនសង្ស័យ ១១នាក់ ភេទប្រុស ដែលពាក់ព័ន្ធ ក្នុងករណីនេះ ចំណែក ១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធ បទល្មើសអ្វីឡើយ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងមានការសម្របសម្រួលពី លោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយ ត្រលប់ទៅផ្ទះវិញ ។
វត្ថុតាងចាប់យកបាន មានម៉ូតូចំនួន០៦គ្រឿង ទូរស័ព្ទចំនួន០៥ គ្រឿង និងខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ ។
ចំពោះជនសង្ស័យចំនួន១១នាក់ និងវត្ថុតាង ខាងលើ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ និងកំពុងបន្តស្វែង រកចាប់ខ្លួនជនសង្ស័យ ជាបក្ខពួកដែលបានរត់គេចខ្លួន ដើម្បីយកមក ផ្ដន្ទាទោសតាមច្បាប់ ៕