សមត្ថកិច្ចឃាត់បុរសម្នាក់ ខណៈមានបុរសម្នាក់ ធ្លាក់ពីលើអគារ M RESIDENCE នៅខណ្ឌបឹងកេងកង ស្លាប់…

(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់ បានធ្លាក់ពីលើអគារ M RESIDENCE មួយកន្លែងទាំង កណ្តាលអធ្រាត្រ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះឡុងខឿន អាយុជាង៣០ឆ្នាំ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរួមទាំង សន្តិសុខនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ដោយពួកគាត់ បានឮស្នូលសំឡេង បុរសរងគ្រោះ បានធ្លាក់ពីលើអគារ ជាន់ខាងលើមួយកន្លែង បានធ្លាក់មកក្រោមផ្កាប់មុខ ពេលនោះដែរ ពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចពួកគាត់ក៏ នាំគ្នារាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែង កើតហេតុភា្លមៗផងដែរ។

ប្រភពបន្តពីបុរសត្រូវ ជាសាច់ញាតិជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយមានបុរសម្នាក់ រស់នៅក្នុងអគារ កើតហេតុខាងលើ បានស្គាល់គ្នាជាមួយ បុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បាន តេណាត់ជួបគ្នា នៅក្នុងអគារនោះតែម្តង លុះមកដល់ម៉ោង កើតហេតុ។

ដោយមានការ អះអាងពី បុរសត្រូវជាសាច់ញាតិ មកជាមួយគ្នាបាន ឲ្យដឹងបន្ថែមទៀតថា ដោយពួកគាត់ បានចាញ់បោកអ្នក ដែលនៅក្នុង អគារខាងលើនោះ បានដោះយកខ្សែដៃ និងគ្រឿងអលង្ការ អស់មួយចំនួន  ទើបជនរងគ្រោះតូចចិត្ត ក៏លោតពីលើអគារ សម្លាប់ខ្លួនតែម្ដងទៅ ក្រោយមកក៏ឃើញ មានសមត្ថកិច្ចចុះមក ដល់ក៏បានឃាត់ បុរសត្រូវជាសាច់ញាតិ យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

ករណីដែលបុរស ធ្លាក់ពីលើអគារនេះ ពុំទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ច កំពុងតែឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយក ទៅសួរនាំបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *